ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរកការងារជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស។
បើតាមឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺធំបំផុតធ្វើយ៉ាងណាជួយពង្រឹងសេដ្ឋកិច្ចជាតិតាមរយៈការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការជួយជីវភាពប្រជាជនយើងតាមរយៈការបង្កើតការងារឱ្យបានច្រើន ការជម្រុញការរៀបចំប្រព័ន្ធដឹកនាំឱ្យបានកាន់តែមានប្រសិទ្ធិភាពលើគ្រប់វិស័យ ការធានានូវសមធម៌សង្គម ដោយចែកផលលាភដល់ដៃប្រជាជនប្រកបដោយចីរភាព និងនិរន្តរភាព។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា «ការគិតគូរធំបំផុតរឿងប្រទេសជាតិ គឺគិតគូរប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋម្នាក់ៗកសាងអនាគតខ្លួនឯង ខិតខំប្រឹងប្រែងធ្វើការងារដោយសុចរិត បង្កើតសមត្ថភាព និងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ កសាងសង្គមជាតិរបស់យើង ហ្នឹងហើយជាការជួយប្រទេសជាតិ។ការដឹកនាំប្រទេសជាតិ គឺពង្រឹងប្រជាជន ដោយមានការចូលរួមក្នុងការលើកកម្ពស់នូវស្មារតីស្នេហាជាតិបែបវិជ្ជមាន ជាកិច្ចការសំខាន់។រឿងដែលធ្វើឱ្យប្រទេសជាតិខ្លាំង គឺការធ្វើឱ្យប្រជាជនខ្លាំង»។
បន្ថែមទៀតនោះ ឯកឧត្តម ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលត្រូវយកប្រជាជនជាធំ ដើម្បីបំពេញភារៈកិច្ចរបស់ខ្លួន ដែលធានាដល់ការបម្រើផលប្រយោជន៍ជូនប្រពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕