២០ឆ្នំា KOICA ចំណាយថវិកាជាង៣៦៦លានដុលា្លរអាមេរិកចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ជាទីភ្នាក់ងារផ្តល់ជំនួយទ្វេភាគីរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ហើយបានបង្កើតការិយាល័យនៅបរទេសនៅទីក្រុងភ្នំពេញតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣ ហើយឆ្នាំនេះជាខួបលើកទី២០ របស់ការិយាល័យ កយកាប្រចំានៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម (កយកា-KOICA) បញ្ជាក់ថា«បន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេស KOICA បានចាប់ផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងការផ្តល់ឧបករណ៍នៅក្នុងប្រទេសកម្ពុជា។ KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីពង្រឹងសមត្ថភាព កម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។ ជាច្រើនឆ្នាំមកនេះ KOICA បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនតាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក»។

គម្រោងដែលលេចធ្លោជាងគេនៅក្នុងរាជធានីនៃប្រទេសកម្ពុជា គឺមន្ទីរពេទ្យព្រះអង្គឌួង។ កយកា-KOICA បានសាងសង់ទាំងមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ និង អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង។ ប្រជាជនកម្ពុជាហៅ មន្ទីរពេទ្យព្រះអង្គឌួងថាជា មន្ទីរពេទ្យកូរ៉េ។ ជាមួយនឹងអគារថ្មី និងបរិក្ខារពេទ្យទំនើបៗ ឥឡូវនេះមន្ទីរពេទ្យព្រះអង្គឌួង អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺដែលមកពីគ្រប់ខេត្តបានប្រសើរជាងមុន រួមទាំងប្រតិបត្តិការវះកាត់ដែលពិបាករកបាន មុនពេលមានគម្រោងរបស់កយកា។

មានមន្ត្រីរដ្ឋាភិបាលកម្ពុជាជាង ៣៥២៩នាក់ ដែលត្រូវបានអញ្ជើញទៅប្រទេសកូរ៉េ និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល រួមទាំងកម្មវិធីអាហារូបករណ៍ដែលផ្តល់មូលនិធិពេញលេញផងដែរ។ អតីតនិស្សិត និងកម្មសិក្សាការី នៃកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA ដែលហៅថា សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) មានភាពសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាល និងក្នុងការអនុវត្តសកម្មភាពសង្គមនៅតាមបណ្តាខេត្ត។ ក្រៅពីនេះ KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញជាង ៨៩២នាក់ ទៅកាន់បណ្តាខេត្តនានា ក្នុងវិស័យដូចជា សុខាភិបាល និងការអប់រំ ជាពិសេសសម្រាប់ភាសា(កូរ៉េ)/បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) /កុមារតូច(មត្តេយ្យ)/តន្ត្រី/ការអប់រំកាយ រួមទាំងការបណ្តុះបណ្តាលតេក្វាន់ដូផងដែរ។ ពីរាជធានីទៅគ្រប់ខេត្តទាំងអស់ មានស្លាកសញ្ញា និងកេរ្តិ៍ដំណែលអ្នកស្ម័គ្រចិត្ដរបស់កយកា-KOICAនៅគ្រប់ទីកន្លែង។

សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា កយកាបានសហការជាដៃគូយុទ្ធសាស្ត្រជាមួយសហគ្រាសកូរ៉េ និងអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន Hesed Agriculture Trading Co., Ltd. ដែលជាសហគ្រាសសង្គមអាជីវកម្មកសិកម្ម គាំទ្រកសិករក្នុងខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ដើម្បីផលិតផលិតផលស្ករត្នោតធម្មជាតិ។ Good Neighbours ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏សកម្មនៅទូទាំងប្រទេសកម្ពុជា បានធ្វើការបណ្តុះបណ្តាលអ្នករត់រ៉ឺម៉កកង់បីក្នុងខណ្ឌដង្កោ ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ និងឯករាជ្យ ព្រមទាំងគាំទ្រវិទ្យាស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងខេត្តបាត់ដំបង ឱ្យមានបរិយាកាសសិក្សាកាន់តែប្រសើរឡើង ដើម្បីឱ្យសិស្សានុសិស្សអាចរៀនដើម្បីក្លាយជាអ្នកបច្ចេកទេស ផ្នែកអេឡិចត្រូនិច និងវិស្វកម្មអគ្គិសនី។
កយកាអះអាងថា«តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កយកា បានប្តេជ្ញាប្រគល់ភារកិច្ចទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែមានភាពជិតស្និទ្ធ។ ដូចសុភាសិតខ្មែរពោលថា «ចង្កឹះមួយបាច់កាច់មិនបាក់» កិច្ចខិតខំប្រឹងប្រែងរួមពីរដ្ឋាភិបាលទាំងពីរដោយឈរលើភាពជាដៃគូល្អនិងដ៏រឹងមាំ នឹងត្រូវបានបន្តដូចដែលមានអស់រយៈពេល២០ឆ្នាំចុងក្រោយនេះ»៕ អត្ថបទ៖សារេត