ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្រ្តីថៃដែលទើបត្រឡប់មកកាន់ប្រទេសថៃវិញក្រោយភៀសខ្លួននៅក្រៅប្រទេសប្រមាណ ១៥ឆ្នាំ។ ក្នុងពេលជាន់ជើងដល់ទឹកដីថៃនាពេលថ្មីៗនេះ លោកត្រូវបានតុលារដាក់ឲ្យមន្ទីរឃុំឃាងអស់មួយរយៈ បន្ទាប់មកលោកត្រូវបានអនុញ្ញាតិឲ្យសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យវិញផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។ ក្នុងពិធីខួបកំណើតសម្តេចតេជោ គម្រប់ ៧១ឆ្នាំ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្តីថៃបានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាភូមិគ្រឹះទីក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នមានអាយុ ៧៤ឆ្នាំ លោក ថាក់ស៊ីន គឺជាមហាសេដ្ឋី និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ ២០០១ដល់ ឆ្នាំ ២០០៦ មុននឹងត្រូវបាន ក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់ ពីតំណែង ។ តែយ៉ាងណា លោក នៅតែបន្តមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមប្រជាជនថៃមួយចំនួនធំ ជាពិសេសគឺអ្នកដែលធ្លាប់គាំទ្រចលនាអាវក្រហម របស់បក្សភឿថៃ៕