សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រី រួមមានលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនជាច្រើនរូបទៀត។
យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។
ជាមួយគ្នានេះ បើតាម លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ដែរថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។
លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា៖« សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិនៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ បញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិ»។
គួរបញ្ជាក់ដែរថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូងក្នុងឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។
ចំពោះរបៀបវារៈសំខាន់ៗនៅកិច្ចប្រជុំនេះ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត៕ អត្ថបទ៖ ពិសី