ប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៤៖ សហជីពស្នើ ២១៥ដុល្លារ ខណៈនិយោជកដាក់តួលេខ ២០១ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់កិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅឆ្នាំ២០២៤ ខាងមុខនេះ ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លា ភាគីនិយោជកដាក់តួលេខត្រឹមតែ ២០១ដុល្លារ។ យ៉ាងណាមិញ ភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមចេក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានផ្សាយចេញនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា៖« នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាម៉េរិក»។

ក្រសួងការងារ បានឱ្យដឹងបន្តថា អង្គប្រជុំទាំងមូល ក៏បានប្រកាសឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ដែរថា កាលព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ទោះជាយ៉ាងណា តាមរយៈកិច្ចប្រជុំខាងលើ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អះអាងថា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ ពិសី