ស្ថិតនៅប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ទី៤ ខែសីហាម្សិលមិញ។
នៅក្នុងជំនួបនេះលោក ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះសម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់លោកនិងរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះ ហើយ សម្តេចធិបតី ក៏បានកោតសរសើរផងដែរចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស ក្នុងទិដ្ឋភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ ក្នុងន័យនេះ, ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕