សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អាស៊ានត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

នៅចំពោះមុខមេដឹកនាំបណ្តាលប្រទេសអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ កម្ពុជាយល់ថា សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ ហើយសន្តិភាព និងវិបុលភាពដ៏ពិតប្រាកដអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតីនៃនយោបាយឈ្នះ ឈ្នះ ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះកាលពីថ្ងៃចន្ទម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាសេដ្ឋកិច្ចលំដាប់ទី៥ ក្នុងសកល អាស៊ានចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការស្អិតរមួត ប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាព និងមជ្ឈភាពអាស៊ាន និងត្រូវពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។ ការជំរុញពាណិជ្ជកម្មទៅវិញទៅមកជាពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ព្រមទាំងការផ្សាភ្ជាប់នៃខ្សែច្រវាក់ផលិតកម្មក្នុងតំបន់។

ក្នុងឱកាសនោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានបង្ហាញអំពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៃនីតិកាលទី៧ ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យឯកជន ជាពិសេស តាមរយៈការផ្តល់ការលើកទឹកចិត្ត និងការគាំពារ ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និង ឯកជន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាច្រើន ដែលកម្ពុជាកំពុងមាន។

បន្ថែមទៀតនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជា ក្នុងការគាំទ្រនិន្នាការពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងគោលការណ៍មិនជ្រៀតជ្រែក ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន៕