សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស នៃខេត្តហឺណាន បានប្តេជ្ញាថា នឹងខំជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ការចិញ្ចឹមគោ ជ្រូក និងឧស្សាហកម្មកែច្នៃសាច់។ នេះបើយោងតាមហ្វេសប៊ុក របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសឱ្យដឹង កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកបានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តហឺណាន ប្រទេសចិន ដែលជាខេត្ត ដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិន។
លោកបន្ត វ៉ី សំណាង បន្តថា បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដល់អ្នកវិនិយោគរួចមក លោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។
សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏ទើបតែបានដឹកនាំប្រតិភូថ្នាក់ខេត្ត អញ្ជើញទស្សនកិច្ចនៅខេត្តក្វាងទុង និងខេត្តក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិនម្តងរួចហើយ ក្នុងគោលបំណងបង្ហាញសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើង ដើម្បីកៀរគរអ្នកវិនិយោគ មកបោះទុនរកស៊ី បង្កើតរោងចក្របន្ថែមទៀត ដើម្បីបង្កើនឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចកាលនោះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរដើមឆ្នាំ២០២៤ រោងចក្រចំនួន២៥ នឹងបើកដំណើរការនៅខេត្តកំពង់ស្ពឺ ខណៈរោងចក្រទាំងនេះ ក៏មានតម្រូវការកម្លាំងពលកម្មប្រមាណ ២៣,០០០កន្លែង លើតម្រូវការសរុបប្រមាណជាង៥០,០០០កន្លែងផងដែរ៕ អត្ថបទ៖ ពិសី