ធនាគារជាតិនៃកម្ពុជាត្រៀមបញ្ចេញប្រាក់ដុល្លារអាមេរិកប្រមាណ៥០លានដុល្លារអាមេរិក ដាក់ឱ្យដេញថ្លៃនៅក្នុងខែកញ្ញាឆ្នំា២០២៣ខាងមុខនេះត្រូវបានអ្នកជំនាញមើលឃើញថាគឺដើម្បីរក្សាស្ថិរភាពប្រាក់រៀលនៅលើទីផ្សារ ខណៈប្រាក់ដុល្លារឡើងថ្លៃ។
យោងតាមការជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាកាលថ្ងៃទី៤ខែកញ្ញា ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក៖នៅថ្ងៃពុធទី៦ ខែកញ្ញា ឆ្នំា២០២៣ ចំនួន១០លានដុល្លារអាមេរិក, ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នំា២០២៣ ចំនួន១៥លានដុល្លារអាមេរិក, ថ្ងៃពុធទី១៣ ខែកញ្ញា ឆ្នំា២០២៣ ចំនួន១០លានដុល្លារអាមេរិកនិងថ្ងៃសុក្រទី១៥ខែកញ្ញាឆ្នំា២០២៣ចំនួន១៥លានដុលា្លរអាមេរិក។
ទាក់ទងនឹងការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកខាងលើនេះ ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយល់ឃើញថាបើតាមការយល់ឃើញថា នៅក្នុងរយៈប៉ុន្មានខែកន្លងមកនេះលុយដុល្លារអាមេរិកវាឡើងខ្លំាង បើប្រៀបធៀបទៅនិងលុយខ្មែរ ហើយវាអត់ចុះមកវិញទេ ស្ថិតក្នុងនៅក្នុងពេលនេះលុយដុល្លារអាមេរិកក្នុង១ដុល្លារឡើងដល់៤១៥០រៀលឬលើសពីនេះ។
លោក កំាង តុងងី មានប្រសាសន៍ថា« នេះជាយុទ្ធសាស្ត្រ ដើម្បីថែរក្សាស្ថិរភាពប្រាក់រៀលរបស់ខ្មែរគឺធនាគារកណ្តាល គាត់ត្រូវបញ្ចេញលុយដុល្លារអាមេរិកដើម្បីឱ្យប្រាក់រៀលយើងមានស្ថិរភាពឡើងវិញ»។
លោកលើកឡើងថា តាមការអង្កេតរបស់ខ្ញុំ បញ្ហាអតិផរណា លុយរបស់ប្រទេសនីមួយៗវាមិនមែនកើតឡើងតែនៅកម្ពុជានោះទេ សម្រាប់ប្រទេសនៅក្នុងតំបន់យើងក៏ជួបបញ្ហាដែរ ហើយមានបញ្ហាធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយណាស់ដោយ ប្រទេសខ្លះអតិផរណាលុយឡើងរហូតដល់១០០%, ប្រទេសខ្លះមានកម្រិត៧០% និងប្រទេសខ្លះទៀតមានកម្រិត៥០%។
លោកបន្តថា «ការពិតកម្ពុជាទៅវិញទៅដែលយើងមានស្ថិរភាពអត្រាប្តូរប្រាក់ល្អ ។ស្ថិរភាពអត្រាប្តូរប្រាក់ល្អនេះមួយផ្នែកអាចមកយើងចាយប្រាក់ដុល្លារអាមេរិកដែរ ប៉ុន្តែមួយផ្នែកទៀតដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចនិងគោលនយោបាយសាច់ប្រាក់របស់យើងមានភាពល្អប្រសើរតាមរយៈការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា នេះគឺជាមធ្យោបាយមួយឬជាយន្តការដោះស្រាយមួយក្នុងចំណោមយន្តការជាច្រើនទៀត ដើម្បីទប់ស្កាត់ជាមួយនិងការឡើងចុះនៃអត្រាប្តូរប្រាក់ឡើងចុះលើទីផ្សារបច្ចុប្បន្ន ហើយក៏ជាមធ្យោបាយមួយធ្លាប់បានយកជាច្រើនឆ្នំាមកហើយរបស់ធនាគារជាតិនៃកម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា បើសិនណាមានការប្រែប្រួលនៃអត្រាប្តូរប្រាក់លើទីផ្សារនៅក្នុងប្រទេស ធនាគារជាតិនៃកម្ពុជាបានបញ្ចេញសាច់ប្រាក់របស់ខ្លួនទៅតាមភាពជាក់ស្តែង ដើម្បីចរាចរទប់ស្កាត់ជាមួយនិងឡើងចុះនៃអត្រាប្តូរប្រាក់នៅក្នុងទីផ្សារ ចៀសវាងកុំឱ្យតម្លៃប្រាក់រៀលរបស់ខ្មែរយើងមានការធ្លាក់ចុះដោយកំហុក។
លោកបណ្ឌិតលើកឡើងថា« ជាយុទ្ធសាស្ត្ររយៈពេលវែង យើងត្រូវតែបង្កើននៅការផលិតទំនិញប្រើប្រាស់ចំាបាច់សំខាន់ៗ, យើងត្រូវបណ្តុះស្មារតីរបស់ប្រជាពលរដ្ឋខ្មែរ ឱ្យប្រើប្រាស់ផលិតផលជំនួសផលិតផលបរទេសឱ្យបានច្រើន ដើម្បីទប់ស្កាត់នូវអត្រានៃការពឹងផ្អែកទៅលើការនាំចូលផលិតផល។នៅក្នុងរយៈពេលខ្លី យើងអាចប្រើយន្តការខាងលើនេះដើម្បីដោះស្រាយ និងយន្តការផ្សេងៗសម្រាប់សម្របសម្រួលជាមួយនិងខាងធនាគារនិងមីក្រូហិរញ្ញវត្ថុដែលមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកទប់ស្កាត់ដោយធ្វើយ៉ាងណាកុំឱ្យអ្នកដែលមានប្រាក់ចំណូលថេរជាប្រាក់រៀល ឬអ្នកប្រើប្រាស់ប្រាក់រងផលប៉ះពាល់ច្រើនដោយសារទំនិញឡើងថ្លៃ»៕
អត្ថបទ៖សារេត