អំឡុងស្ថិតនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នារសៀលថ្ងៃទី០៥ ខែកញ្ញានេះ។

ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បង្ហាញនូវជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានគូសបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយរូបលោកផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ីតែងចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរដែលបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុងប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបដដែលនោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ីចំពោះវិស័យសន្តិសុខថាមពល ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។
លើសពីនេះទៅទៀត មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និងលើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ីនៅកម្ពុជាផងដែរ៕