ការប្រមូលផលស្រូវនៅតាមតំបន់ក្នុងខេត្តតាកែវបានបិទបញ្ចប់ជាមួយតម្លៃខ្ពស់ដែលកសិករមិនធ្លាប់ទទួលបាន

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងខេត្តតាកែវ ការប្រមូលផលស្រូវ ពាក់កណ្តាលរដូវរបស់ប្រជាកសិករនៅតាមតំបន់បានឈានទៅដល់ការបិទបញ្ចប់ហើយកាលពីថ្មីៗនេះក្នុងតម្លៃមួយខ្ពស់ដដែល មិនធា្លប់មាននាប៉ុន្មានឆ្នំាចុងក្រោយនេះសម្រាប់ប្រជាកសិករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងតម្លៃស្រូវរបស់ប្រជាកសិករនៅភូមិព្រៃភ្លង និងភូមិក្បាលពោ ស្ថិតនៅឃុំសំបួរស្រុកទ្រាំង ចំពោះកសិករប្រមូលផលស្រូវក្រោយគេអាចលក់បានថ្លៃ១៣០០រៀលឬច្រើនជាងនេះក្នុងមួយគីឡូក្រាម។

ទាក់ទងនឹងតម្លៃស្រូវដែលកសិករក្នុងខេត្តតាកែវ អាចលក់បានថ្លៃនៅឆ្នំានេះអាចមកពីវៀតណាមទទួលបានបញ្ជាទិញអង្កររបស់ខ្លួនច្រើននៅលើទីផ្សារអន្តរជាតិ ទើបជំរុញឱ្យមានការប្រមូលទិញស្រូវពីកសិករក្នុងតម្លៃមួយខ្ពស់តំាងពីចាប់ផ្តើមប្រមូលផលដំបូងរហូតដល់ឈានដល់ការបិទបញ្ចប់រដូវកាលនេះបានធ្វើឱ្យកសិករសប្បាយចិត្តគ្រប់ៗគ្នា។

លោក ហ៊ឹម ង៉ុយ កសិករធ្វើស្រែនៅក្នុងឃុំសំបួរ ស្រុកទ្រំាងខេត្តតាកែវម្នាក់បានឱ្យដឹងថា« កសិករយើងឱ្យតែលក់ស្រូវបានថ្លៃគឺសប្បាយចិត្តគ្រប់ៗគ្នា ហើយតំាងពីខ្ញុំដឹងក្តីមក ទើបតែនៅឆ្នំានេះកសិករលក់ស្រូវបានថ្លៃខ្ពស់។ក្នុងនាមជាកសិករធ្វើស្រែម្នាក់នៅក្នុងតំបន់ ខ្ញុំសំណូមពរចង់ឱ្យតម្លៃស្រូវលក់បានថ្លៃខ្ពស់មានរយៈពេលច្រើនឆ្នំាដើម្បីឱ្យកសិករមានកម្លំាងចិត្តធ្វើស្រែគ្រប់ៗគ្នា»។

ស្រដៀងគ្នានេះដែរលោក ញ៉ែប ឌៀង កសិករធ្វើស្រែនៅភូមិព្រៃភ្លងបានឱ្យដឹងថាទន្ទឹមនិងស្រូវឆ្នំានេះលក់បានខ្ពស់ ខ្ញុំសូមអំពាវនាវទៅដល់រាជរដ្ឋាភិបាលយើងរក្សាតម្លៃស្រូវជូនកសិករឱ្យបានស្ថិតស្ថេរចន្លោះពី១២៥០ ទៅ១៣០០រៀលក្នុងមួយគីឡូក្រាម ដើម្បីឱ្យមានតុល្យភាពទៅនឹងថ្លៃជីនិងថ្នាំគីមីនាពេលសព្វថ្ងៃនេះ។ តែបើតម្លៃស្រូវចុះក្រោម១០០០រៀល កសិករពិបាកនិងរកប្រាក់ចំណេញពីការធ្វើស្រែ។

បើតាមកសិករ ញ៉ែប ឌៀង ការប្រមូលផលស្រូវឆ្នំាបានតិចជាងឆ្នំាមុនប៉ុន្តែចំនួនទឹកប្រាក់ដែលបានពីការលក់ស្រូវរបស់ខ្លួនបានច្រើនជាងវគ្គមុន ហើយក្រៅពីធ្វើស្រែកសិកររូបនេះក៏បានចិញ្ចឹមត្រីខ្នាតតូចនៅក្នុងទីតំាងរបស់ខ្លួនដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារផងដែរ។

ចំណេក លោក ម៉ក សុខន ធ្វើស្រែលើផ្ទៃដីជិត៣ហិកតា ក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលលក់ស្រូវបានថ្លៃខ្ពស់ ហើយកសិករធ្វើស្រែនៅក្នុងតំបន់ក្រោយពីប្រមូលផលស្រូវរួចរាល់អស់ហើយ ម្នាក់ៗប្រញាប់ប្រញ៉ាលរៀបចំដីស្រែសម្រាប់ដំាដុះបន្ត ដោយមិនរងចំាពេលវេលាដូចទៅនិងឆ្នំាមុនៗនោះឡើយ៕

អត្ថបទ៖សារេត