នៅចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជា, ជាពិសេស ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។

ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ ទី៦ ខែកញ្ញាម្សិលមិញ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានគូសបញ្ជាក់ថា ការជួយឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និង ការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ជំនួបដែលធ្វើឡើងក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងហ្សាការតានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់នាយករដ្ឋមន្រ្តីទីម័រឡេស្តេថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជាដែលបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តេកំពុងស្ថិតនៅ នាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ, ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត, ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួន ចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។
ក្រៅពីការជជែកដកស្រងបទពិសោធន៍ពីកម្ពុជាដើម្បីត្រៀមខ្លួនក្លាយជាសមាជិកអាស៊ានទី១១នោះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ បន្ថែមទៀតនោះថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕


