សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បជួបសម្តែងការគួរសមជាមួយលោក ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នាថ្ងៃទី៦ ខែកញ្ញាម្សិលមិញ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
លោក ក្លូស ស្វប់ (Klaus Schwab) បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។
ទន្ទឹមនេះ លោកក៏បានបង្ហាញពីបំណង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់។
នៅក្នុងជំនួបនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក ។
បន្ថែមពីនេះសម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និង បានលើកឡើងអំពីសង្គតិភាព និង លទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និង វិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង ។ ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និងអាចរីកលូតលាស់ថែមទៀត៕