ក្រុមហ៊ុនម្សៅទឹក​ដោះ​គោ​ Nutrilatt​ ច្រាន​ចោល​ អំពី​សេចក្តី​ប្រកាស​របស់​ (ក.ប.ប)

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖កាលពីរសៀល ថ្ងៃពុធ ទី២៦ សីហា ឆ្នាំ២០២០ ក្រុមហ៊ុនម្សៅទឹកដោះ នូទ្រីលេត បានចេញសេចក្តីជូនដំណឹងរបស់ខ្លួន ស្តីពីការបដិសេដ និងច្រានចោលរបស់ទ្រាំងស្រុង នូវសេចក្តីប្រកាសរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងក្លាយ ហៅកាត់ថា «ក.ប.ប» ដែលបានចេញផ្សាយ នៅលើផេកផ្លូវការ កាលពីព្រឹកថ្ងៃពុធ ទី២៦ សីហា ស្តីពីកិច្ចប្រជុំ ការបង្ហាញលទ្ធផលវិភាគដោយមន្ទីរពិសោធន៍ ផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង

ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត សូមបដិសេធទាំងស្រុងនៅលទ្ធផលនៃការប្រកាសរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ (ក.ប.ប) ដែលចេញនៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

ក្រុមហ៊ុន Nutrilatt សង្កេតឃើញថាមានភាពមិនប្រក្រតីជាច្រើន នៅក្នុងការប្រកាសលទ្ធផលជា ឯកត្តោភាគីរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលលទ្ធផលនោះមានភាពខុសគ្នាយ៉ាងខ្លាំង ពីលទ្ធផលដែលក្រុមហ៊ុនទទួលបានពីមន្ទីរពិសោធន៍ BVAQ និងមន្ទីរពិសោធន៍ ALS នៃប្រទេសសឹង្ហបុរី ដែលមានលេខកូដ៖ 537 / 562 / 563 / 568 ដែលអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តែងតែយកទៅធ្វើពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេត សូមបដិសេធមិនទទួលស្គាល់លទ្ធផលឯកត្តោភាគីដែលចេញដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាដាច់ខាត។

ហើយការធ្វើបែបនេះរបស់ ក.ប.ប បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនយ៉ាងខ្លាំងជាទីបំផុត៕

សូមរំលឹកថា ការបដិសេដរបស់ក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត បន្ទាប់ពីនានាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ហៅកាត់ថា «ក.ប.ប.» ដែលបានចេញផ្សាយនៅលើផេកផ្លូវការ និងមានខ្លឹមសារទាំងស្រុងថា «នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មានរៀបចំ កិច្ចប្រជុំស្តីពីការបង្ហាញលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ដែលធ្វើការវិភាគដោយមន្ទីរពិសោធន៍ឯករាជ្យនិងមានការទទួលស្គាល់ជាអន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅប្រទេសសឹង្ហបុរី ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»។

កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមាតាបិតានៃទារករងគ្រោះ តំណាងក្រុមហ៊ុន Nutrilatt តំណាងអង្គការ WHO អង្គការ UNICEF អង្គការ Helen Keller International និងតំណាងមជ្ឈមណ្ឌលគាំពារមាតានិងទារកនៃក្រសួងសុខាភិបាល។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖

– មតិស្វាគមន៍របស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាន «ក.ប.ប.»

– បទបង្ហាញអំពីសាវតានិងដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងករណី Nutrilatt

– មតិយោបល់របស់តំណាងមាតាបិតាទារករងគ្រោះ

– មតិយោបល់របស់តំណាងក្រុមហ៊ុន Nutrilatt

– មតិយោបល់ចូលរួមរបស់តំណាងអង្គការអន្តរជាតិ (WHO, UNICEF, HKI) និងមជ្ឈមណ្ឌលគាំពារមាតានិងទារក

– ការកាត់ស្រោមសំបុត្រនិងប្រកាសលទ្ធផលវិភាគ នៃម្សៅទឹកដោះគោ Nutrilatt លើ B/N: 487, 488, 536, 537, 538, 539

ជាលទ្ធផលនៃការវិភាគ បានបង្ហាញថា ជាតិដែក (Iron) ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរជាតិ (Codex International Standard)។

ដោយមានការឯកភាពពីតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងរៀបចំជំនួបពិភាក្សារវាងតំណាងមាតាបិតានិងតំណាងក្រុមហ៊ុន Nutrilatt ដើម្បីរកដំណោះស្រាយ នាថ្ងៃទីព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៕