ក្នុងវិស័យទេសចរណ៍តំាងពីកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩មក បានធ្វើឱ្យអ្នកដែលមានជំនាញវិជ្ជាជីវៈផ្នែកទេសចរបានងាកទៅធ្វើការងារផ្សេងក្រៅពីមុខជំនាញរបស់ខ្លួន ដើម្បីបានប្រាក់ចំណូលយកមកផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ផ្អែកលើវិបត្តិជំងឺកូវីដ១៩នេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានមើលឃើញថាអ្នកដែលមានជំនាញវិជ្ជាជីវៈទេសចរណ៍មួយចំនួនបានវិលមករកការងាររបស់ខ្លួនវិញហើយ។តែទោះជាបែបនេះក្តីវិស័យទេសចរណ៍កំពុងជួបការខ្វះខាតនៅធនធានមនុស្សនាពេលបច្ចុប្បន្ន ហើយបើមិនមានការបណ្តុះបណ្តាលជំនាញបន្ថែមទេ អាចនិងពិបាកក្នុងការទទួលភ្ញៀវទេសចរប្រមាណ៧លាននាក់នៅត្រឹមឆ្នំា២០២៥-២០២៦ក្នុងពេលខាងមុខនេះ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពជាមានប្រសាសន៍ថា តាមការសង្កេតមើលឃើញថាបច្ចុប្បន្ននេះកម្ពុជាយើងកំពុងតែខ្វះខាតនៅធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ ដោយសារបរិបទវិបត្តិជំងឺកូវីដ១៩បានធ្វើឱ្យមានគម្លាតការងារនៅក្នុងវិស័យទេសចរណ៍ ហើយអ្នកជំនាញរបស់យើងដើម្បីក្រពះមួយពេលសិន គាត់ស្រវេស្រវាទៅរកធ្វើការងារជំនាញផ្សេងទៀត។ អីចឹងការចាកចេញរបស់ពួកគាត់មកដល់បច្ចុប្បន្ននេះអ្នកជំនាញមួយចំនួនក៏បានត្រឡប់មករកជំនាញវិញ ហើយមួយចំនួនផ្សេងទៀតគាត់ជាប់ការងារថ្មីៗនៅមិនទាន់អាចត្រឡប់មករកជំនាញវិញបាន។ដូចនេះហើយបានធ្វើឱ្យមានការខ្វះខាតនៅអ្នកជំនាញទេសចរណ៍។
លោកស្រី ឆាយ ស៊ីវលីន សង្កត់ធ្ងន់ថា«បើសិនជាយើងមិនបានធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បន្ថែម ឬមិនជំរុញឱ្យខ្លំាងក្លាទេ នោះយើងនឹងជួបនៅការខ្វះខាតធនធានមនុស្សដែលមានជំនាញទេសចរណ៍ច្រើន ដែលធ្វើឱ្យរំាងស្ទះ ឬឧបស័ក្គក្នុងការទទួលភ្ញៀវ ព្រោះថាយើងកំពុងតែរំពឹងភ្ញៀវទេសចរនឹងមានការកើនឡើងរហូតដល់៧លាននាក់ក្នុងឆ្នំា២០២៥-២០២៦។ដូច្នេះនៅពេលបច្ចុប្បន្ននេះបើសិនមិនមានការកើនឡើងនូវធនធានមនុស្សដែលមានជំនាញទេ យើងនិងពិបាកនៅក្នុងការទទួលភ្ញៀវដល់ទៅ៧លាននាក់នៅត្រឹមឆ្នំា២០២៥-២០២៦ណាស់»។
បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា បើសិនកម្ពជាមានសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ជាតិ វាជួយបានច្រើនទៅដល់វិស័យទេសចរណ៍ ព្រោះប្រទេសកម្ពុជាមានសក្តានុពលខ្ពស់នៅក្នុងការវិស័យទេសចរណ៍។ដូចនេះដើម្បីប្រើប្រាស់សក្តានុពលឱ្យអស់លទ្ធភាព កម្ពុជាត្រូវការអ្នកជំនាញ ហើយដើម្បីបានអ្នកជំនាញទំាងនេះគឺយើងត្រូវតែមានសាលាបណ្តុះបណ្តាល ហើយតាមរយៈសាលាបណ្តុះបណ្តាលនេះ វាជួយផ្តល់ការងារដល់យុវជនកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរ ជួយទាក់ទាញការវិនិយោគ។បើមានការវិនិយោគច្រើនប្រជាជនមានគ្រប់ជំនាញហើយមានការងារល្អយើងអាចកាត់បន្ថយការចំណាកស្រុក ដែលជួយទៅដល់សេដ្ឋកិច្ចជាតិបានយ៉ាងច្រើន ហើយវិស័យទេសចរណ៍ត្រូវតែមានអ្នកជំនាញទើបបម្រើទេសចរបាន។
ទាក់ទងនិងវិស័យទេសចរណ៍និងការបណ្តុះបណ្តាលធនធានមនុស្សនេះ បើយោងតាមអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ថ្មីៗនេះបានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ៕អត្ថបទ៖សារេត