លោក ស៊ុន ចាន់ថុល ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកនៅថ្ងៃចន្ទ ទី១១កញ្ញានេះ ដែលទើបនឹងបង្កើតបានប៉ុន្មានថ្ងៃក្រោយចាកចេញពីតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចូលកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ស្វែងយល់ពីបញ្ហាប្រឈមនានា ព្រមទាំងរកដំណោះស្រាយសមស្របជូនអ្នកអភិវឌ្ឍន៍។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងឋានៈជាឧបនាយករដ្ឋមន្រ្តីមកកាន់ខេត្តព្រះសីហនុនៅពេលនេះ លោកបានចូលទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសនានា និងកំពង់ផែស្វ័យតក្រុងព្រះសីហនុដែលអមដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លូ គីមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក ពេលកន្លងទៅ រោងចក្រ/សហគ្រាសប្រមាណ ១៧៥ និងផ្តល់ការងារជាង ៣ ម៉ឺនកន្លែង កំពុងបើកដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលភាគច្រើនមានម្ចាស់ជាវិនិយោគិនមកពីប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ឲ្យដឹងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ បានរីកចម្រើនជាបន្តបន្ទាប់។



