ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ដែលជាសាខាថ្មីទី៣៧ មានទីតាំងស្ថិតនៅវិថីឯករាជ្យ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបើកផ្តើមផ្តល់សេវាកម្មធនាគារជូនអតិថិជន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

ពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ ក្នុងនោះក៏មានវត្តមានចូលរួមពីអ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លោក ឡុង វិសាលោ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក លូ គីមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ស រដ្ឋា អគ្គស្នងការងនគរបាលជាតិ និងជាស្នងការខេត្តព្រះសីហនុ ឧកញ៉ា តាន់ តាក់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។

ធនាគារ វឌ្ឍនៈ សាខាខេត្តព្រះសីហនុ មានផ្តល់ជូននូវសេវាធនាគារគ្រប់ប្រភេទ ដូចជា សេវាកម្មមាស សេវាកម្មប្រាក់បញ្ញើ ឥណទាន ការផ្ទេរប្រាក់ អេធីអ៊ឹម ជាពិសេសសេវាធនាគារឌីជីថល រួមមាន សេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណ។ ប្រជាពលរដ្ឋ និងអាជីវកម្មក្នុងខេត្តព្រះសីហនុ ក៏អាចបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ និងបង់ប្រាក់ពន្ធគយ-រដ្ឋាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងទូទាត់សេវាសាធារណៈជាច្រើន បានយ៉ាងងាយស្រួល៕










