ឧកញ៉ា វង្ស ប៊ុនហេង ម្ចាស់ក្រុមហ៊ុន វង្សប៊ុនហេង អ៊ីមផត អ៊ិចផត ដែលធ្វើការនាំចេញស្រូវអង្ករទៅកាន់បរទេសមួយរូបផងដែរនោះ បានចែករំលែករឿងរ៉ាវពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា ជាមួយប្រទេសជិតខាង ខណៈនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះហាងឆេងតម្លៃស្រូវហាក់មានការឡើងថ្លៃមិនធ្លាប់មានជាច្រើនឆ្នាំមកហើយ។
លោកឧកញ៉ា វង្ស ប៊ុនហេង បានចែកទស្សនៈក្នុងវិស័យស្រូវអង្ករលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននារសៀលថ្ងៃទី១១កញ្ញានេះ ដោយបានលើកឡើងថា កាលពី ៨ឆ្នាំមុន កម្ពុជាចាប់ផ្ដើមនាំអង្ករចេញ ធ្វើឱ្យប្រទេសថៃ ខ្វាយខ្វល់ខ្លាចបាត់ទីផ្សារ ក៏ប្រជែងទម្លាក់ថ្លៃអង្ករផ្កាម្លិះ ពីតម្លៃប្រហែល ១០៥០ដុល្លារ ចុះបន្តបន្ទាប់រហូត ដល់តម្លៃ ៧៥០ដុល្លារក្នុងមួយតោន។ ដែលធ្វើឲ្យការនាំចេញអង្ករផ្កាម្លិះរបស់ថៃ ដែលមានបរិមាណប្រហែល ៥លានតោនក្នុងមួយឆ្នាំ ខាតបង់តម្លៃអស់ប្រហែល ១៥០០លានដុល្លារ (5,000,000 t ×300 $= 1,5000,000,000 $) ប៉ុន្តែ ប្រសិនបើពេលនោះថៃសុខចិត្តទិញអង្ករផ្កាម្លិះខ្មែរ ដែលមានបរិមាណសម្រាប់នាំចេញប្រហែលតែ ២០ម៉ឺនតោនតែប៉ុណ្ណោះ។ ហើយលក់ក្នុងតម្លៃដដែល ឬ លក់ដំឡើងថ្លៃ នោះប្រទេសថៃ ចំណេញមហាសាល។
ជាការកត់សម្គាល់លោកឧកញ៉ាថា ដោយចំណាយលុយទិញអង្ករ ផ្កាម្លិះ ខ្មែរ ទាំងអស់, អស់តែចំនួន ២១០លានតែប៉ុណ្ណោះ( 200,000 t ×1050 $=210,000,000 $) មានន័យថា ប្រទេសថៃអាចចំណេញលុយបានរហូតដល់ ១.៥០០លានដុល្លារក្នុងមួយឆ្នាំ ហើយរក្សាទីផ្សារនៅដដែលទៀត។
បើតាមលោកឧកញ៉ា វង្ស ប៊ុនហេង ការប្រជែងដោយបញ្ចុះតម្លៃរបៀបនេះ ធ្វើឲ្យថៃក៏ខាតខ្មែរក៏ខាតដូចគ្នា។ គិតមើលតើថៃនិងខ្មែរខាតអស់ប៉ុណ្ណាក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ និងតទៅមុខទៀត។
ផ្ទុយមកវិញ វៀតណាមយល់ឃើញថា កម្ពុជា ចាប់ផ្ដើមនាំអង្ករចេញទៅក្រៅប្រទេស និងមានការអនុគ្រោះពន្ធ EBA GSP ទៀត ប្រើយុទ្ធសាស្ត្រទិញស្រូវខ្មែរ ដែលសល់លើសតម្រូវការអោយជិតអស់ ដើម្បីកុំឲ្យស្រូវនៅស្រុកខ្មែរថោក( ដែលជាហេតុនាំឲ្យអង្ករសនៅស្រុកខ្មែរថោក) ធ្វើឱ្យវៀតណាមអាចលក់អង្ករសក្នុងបរិមាណដ៏ច្រើន នៅក្នុងប្រទេសវៀតណាមបានតម្លៃថ្លៃ។ ជាលទ្ធផល គឺធ្វើឲ្យស្រូវ ប្រភេទស្រូវប្រាំង សម្រាប់ផលិតអង្ករស ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសវៀតណាម បានថ្លៃទាំងអស់គ្នា។ នយោបាយឈ្នះឈ្នះ។
នៅលើទំព័រហ្វេសប៊ុកដដែល ឧកញ៉ា វង្ស ប៊ុនហេង បានគូសបញ្ជាក់ថា ឆ្នាំនេះស្រូវឡើងថ្លៃជាប្រវត្តិសាស្រ្ត មួយលានឆ្នាំមានម្ដង បានធ្វើឲ្យកសិករកម្ពុជា ទូទាំងប្រទេសសប្បាយរីករាយឥតឧបមា។ លោកឧកញ៉ាសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «គាត់អាចចំណេញដើម្បីសងបំណុលគេ ទិញម៉ូតូថ្មី ជួសជុលផ្ទះ និងទិញឧបករណ៍ផ្សេងៗសម្រាប់ធ្វើស្រែបន្តទៅទៀត។ បើតាមអ្នកជំនាញ ផ្នែកស្បៀងអាហារនៅលើពិភពលោក បានទស្សន៍ទាយថា ស្បៀងអាហារ នឹង មានតម្លៃថ្លៃ ក្នុងរយៈពេលប្រហែល ៣ឆ្នាំបន្តទៅទៀត។ ដូច្នេះសូមកសិកទាំងឡាយខំប្រឹងធ្វើស្រែបន្តទៅទៀតពី ព្រោះស្រូវនៅតែបន្តថ្លៃនៅឡើយទេ»៕