គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី ២៣ (CIFIT 23) តបតាមការអញ្ជើញរបស់ក្រសួងពាណិជ្ជកម្មចិន នៅទីក្រុង Xiamen ប្រទេសចិន រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចការងារនៅពេលនេះដឹកនាំដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងគោលបំណងជំរុញសកម្មភាពវិនិយោគទៅវិញទៅមក, ផ្សព្វផ្សាយពីសក្តានុពលនិងកាលានុវត្តភាពវិនិយោគកម្ពុជា និងចែករម្លែកអំពីបច្ចុប្បន្នភាពច្បាប់, បទប្បញ្ញត្តិ និងគោលនយោបាយ ព្រមទាំងពិភាក្សាអំពីនិន្នាការថ្មីនៃការវិនិយោគក្នុងបរិការណ៍ដែលសកលលោកយើងកំពុងប្រឈម។
ក្នុងដំណើរទស្សនកិច្ចការងារនៅពេល កម្ពុជាត្រូវបានក្រសួងពាណិជ្ជកម្មចិន អញ្ជើញឱ្យថ្លែងសន្ទរកថាគន្លឹះក្នុងវេទិកាជំរុញវិនិយោគអន្តរជាតិឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅកាលថ្ងៃទី៧ ខែកញ្ញា និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) លើកទី៣ ដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា។

នៅក្នុងសុន្ទរកថាគន្លឹះ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសង្កត់ធ្ងន់អំពីតួនាទីរបស់ស្ថាប័នទាក់ទាញវិនិយោគរបស់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ និងកិច្ចសម្រួលវិនិយោគតាមរយៈការប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានរំលេចផងដែរអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕



