លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ជាគោលនយោបាយរបស់ក្រសួង គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អនៅលើទីផ្សារ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា។
នាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ។
ហេតុនេះ លោកថា ជាយន្តការ គឺចាំបាច់ត្រូវមានការចូលរួម ការសហការគ្នាល្អ ការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវសែនក្រអូបនិងផ្ការំដួល ដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លើសពីនេះទៀត ក៏ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ។
ទន្ទឹមគ្នានេះ លោកបានបន្តថា កសិដ្ឋានផលិតស្រូវពូជ ក៏ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់ ខណៈសហគមន៍កសិកម្ម ក៏ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អផងដែរ។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ បានបង្ហាញថា ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន៤០ម៉ឺនតោន ដែលទទួលបានប្រាក់ចំណូលចំនួន២៧៨.៨៥លានដុល្លារ។ តួលេខនេះគិតជាភាគរយស្មើនឹងជិត៥៨ភាគរយ នៃផែនការនាំចេញ៧០ម៉ឺនតោន។
តាមរបាយការណ៍ដដែល អង្ករដែលកម្ពុជានាំចេញ មានជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន៨១.៩៣ភាគរយ អង្ករសគ្រាប់វែងចំនួន១២.៩៩ភាគរយ អង្ករសគ្រាប់ខ្លីចំនួន០.០២ភាគរយ អង្ករចំហ៊ុយចំនួន៣.៣៣ភាគរយ និងអង្ករសរីរាង្គចំនួន១.៧៣ភាគរយ។
ក្រៅពីអង្ករ ក្នុង៨ខែឆ្នាំនេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន២ ៩២៩ ០៤៣តោន គិតជាប្រាក់ចំណូលបាន៨១៤.១៧លានដុល្លារ។ ស្រូវចំនួន៥៩ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
ការជ្រើសរើសពូជស្រូវសុទ្ធ សែនក្រអូបនិងផ្ការំដួល គឺជួយដល់អ្នកផលិតពូជសុទ្ធ និងបង្កើនផលចំណេញសម្រាប់ទាំងអស់គ្នា ពិសេសជួយធានាដល់និរន្តរភាពនៃការនាំចេញស្រូវអង្ករទៅក្រភប្រទេសថែមទៀត។ ហេតុនេះ ក្រសួងកសិកម្ម បានប្តេជ្ញានឹងជួយជំរុញឱ្យមានការសហការ សម្របសម្រួលជាមួយអាជ្ញាធរ និងរោងម៉ាស៊ីនកិនស្រូវអំពីទីផ្សារ និងតម្លៃ។នេះបើតាមការអះអាងបន្ថែម ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម៕
អត្ថបទ៖ ពិសី