លោក ឌិត ទីណា៖ តួនាទី និងភារកិច្ចមន្រ្តីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពកសិកម្ម និងស្វែងយល់ពីតំបន់ប៉ូលសេដ្ឋកិច្ចទី៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក ឌិត ទីណា បានលើកឡើងថា តួនាទី និងភារកិច្ចមន្ត្រីកសិកម្ម គឺជួយកសិករឱ្យចំគោលដៅ ផលិតឆ្លើយតបនឹងតម្រូវការទីផ្សារ ដើម្បីធានាឱ្យបាននូវស្ថិរភាពផ្គត់ផ្គង់និងតម្លៃល្អ នាំឱ្យកសិករបានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា លើសពីនេះ ត្រូវយកចិត្តទុកដាក់ការពារបង្ការ និងទប់ស្កាត់បទល្មើសជលផល ព្រៃឈើ និងការទន្ទ្រានដីព្រៃឈើឱ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីកសិកម្ម បានណែនាំ និងលើកទឹកចិត្តឱ្យកសិករធ្វើការនាំចេញផលិតផលកសិកម្មផ្លូវការ ដើម្បីមានការត្រួតពិនិត្យច្បាស់លាស់ និងទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ។

គួរឱ្យដឹងផងដែរថា ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ កញ្ញា លោក ឌិត ទីណា បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ចមន្រ្តី ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ដូច្នេះ ត្រូវមានមោទនភាព និងយកចិត្តទុកដាក់សហការគ្នាល្អ ចុះមូលដ្ឋានធ្វើការសិក្សានិងវាយតម្លៃឱ្យបានច្បាស់លាស់ពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងជួយពួកគាត់ឱ្យទាន់ពេលវេលា ទៅតាមជំនាញ និងលទ្ធភាពប្រកបដោយឆន្ទៈ និងមនសិការពិតប្រាកដ។ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងខ្សែច្រវាក់តម្លៃល្អ ដើម្បីជម្រុញការនាំចេញ បង្កើនប្រាក់ចំណូល និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕