សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា ដែលមានទុនវិនិយោគដល់ ៣ប៊ីលានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយលោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនេះ លោក ហាន ស៊ាជុន បានអបអរសាទរ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ព្រមទាំងជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ។

លោក ហាន ស៊ាជុន

ទន្ទឹមនេះ លោក ហាន ស៊ាជុន បានរាយការណ៍ជូនសម្តេចធិបតីអំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី ។

ជាកិច្ចឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវជំហរនៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយក្រុមហ៊ុន ដើម្បីសិក្សាស្វែងរកគម្រោងបន្ថែមទៀត ដែលមានសក្តានុពល ដើម្បីរួមចំណែកលើកកម្ពស់ស្ថិរភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដូចជា គម្រោងក្នុងវិស័យថាមពលស្អាត ដែលមានចីរភាព និងតម្លៃសមរម្យជាដើម។

ក្នុងជំនួបដដែលនោះ សម្តេចធិបតី សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគ និងផ្តល់កិច្ចសហការនៅក្នុងគម្រោងទាំងនេះ ដែលក្រុមហ៊ុនមានជំនាញ និងមានឧត្តមភាពស្រាប់ ។

លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានគូសបង្ហាញជាថ្មីម្តងទៀតនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះដំណើរការអាជីវកម្ម និងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕