ពីរដ្ឋធានីប៉េកាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ឲ្យក្រុមហ៊ុន CRBC ពន្លឿនសិក្សាគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន

សង្គម​ និង​សេដ្ឋកិច្ច

អំឡុងស្នាក់នៅរដ្ឋធានីប៉េកាំង ប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តទទួលជួបពិភាក្សាការងារជាមួយលោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាង តុងជូ  បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តីអំពីគម្រោងវិនិយោគផ្លូវថ្នល់ដែលកំពុងដំណើរការនៅកម្ពុជា ក៏ដូចជាគម្រោងថ្មីៗដែលក្រុមហ៊ុនកំពុងសិក្សា និងវាយតម្លៃ ព្រមទាំងគោរពស្នើសុំកិច្ចសហការ និងការជួយសម្របសម្រួលបន្ថែមទៀតពីភាគីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន CRBC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន China Communications Construction Company Limited ដែលបាន និងកំពុងវិនិយោគលើគម្រោងសាងសង់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ 

ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលក្រុមហ៊ុន CRBC សម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្វែងយល់ និងការពិនិត្យលទ្ធភាពលើវិស័យដែលមានសក្តានុពលផ្សេងទៀតនៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃគម្រោងវិនិយោគផ្លូវ ថ្នល់ ស្ពាន និងផ្លូវលឿន នៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការកែលម្អប្រព័ន្ធឡូជីស្ទីក។ ចំពោះគម្រោងដែលកំពុងធ្វើការសិក្សា និងវាយតម្លៃ សម្តេចធិបតី បានស្នើឱ្យភាគីក្រុមហ៊ុនពន្លឿនកិច្ចការទាំងនេះ ដោយបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន ឬភាគីពាក់ព័ន្ធកម្ពុជាបន្ថែមទៀត។

ទន្ទឹងនឹងនេះ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការ និងសម្របសម្រួល ដើម្បីធានាឱ្យបាននូវនិរន្តភាពការងារ សំដៅជួយជំរុញឱ្យគម្រោងដែលកំពុងសិក្សាទាំងនោះអាចបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចធិបតី បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសហការ និងសម្របសម្រួលបន្តទៅមុខទៀតជាមួយក្រុមហ៊ុន និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន CRBC បន្តការវិនិយោគបន្ថែមទៀតនៅកម្ពុជា៕