ក្នុងជំនួបកាលពីថ្ងៃទី១៤ ខែកញ្ញា នៅរដ្ឋធានីប៉េកាំងប្រទេសចិន ជាមួយលោក វិនស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅក្នុងការសម្រេចបានសមិទ្ធផលជាច្រើននៅកម្ពុជាជាពិសេសការកសាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំនិងអាចចាត់ទុកថាជាស្ថានីយគំរូមួយតាមរយៈការធានាបាននូវបរិស្ថានល្អ។
សម្តេចធិបតីក៏បានបញ្ជាក់ដែរថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗនិងទំនើបដើម្បីអភិវឌ្ឍវិស័យថាមពលនៅកម្ពុជានិងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយសិក្សាបន្ថែមអំពីការពង្រីកការតបណ្តាញអគ្គីសនីឱ្យបានធំទូលាយសំដៅបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះសម្តេចធិបតីក៏បានលើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាតនិងប្រព័ន្ធថាមពលដែលផលិតពីអាគុយជាដើម។
សម្រាប់ការផ្តួចផ្តើមគំនិតក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាពនៅក្នុងការអភិវឌ្ឍវិស័យនេះ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សាលើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។
ជុំវិញការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី លោក វិន ស៊ូកាំង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ។
ក្នុងជំនួបដដែលនោះនៅរដ្ឋធានីប៉េកាំង សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់សារជាថ្មីនូវជំហរស្វាគមន៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលស្របតាមតម្រូវការសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕