កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាជំរុញអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានប្តេជ្ញាចិត្តថា នឹងរួមគ្នាជំរុញអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ឱ្យដើរស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។នេះបើយោងតាមជំនួប និងពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សា នឹងបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្សនិស្សិតខ្មែរ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មីផងដែរ។

នាឱកាសនោះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុនមួយចំនួនបាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។

ជាមួយគ្នានេះ លោក ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជាដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមពីក្រុមហ៊ុនទាំងនោះ។

ជាការឆ្លើយតប លោក អ៊ូអិណូ អាត់ត្សឹស៉ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដោយលោកបានបន្តថា៖« ជប៉ុនសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ»។

គួរបញ្ជាក់ដែរថា កម្ពុជា-ជប៉ុន ក្រៅពីបានប្តេជ្ញារួមគ្នាជំរុញអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)ហើយនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ និងកម្មសិក្សាការីដែលកំពុងធ្វើការនៅប្រទេសជប៉ុនផងដែរ៕

អត្ថបទ៖ ពិសី