នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន លោក ហឿន សំនឿង នឹងផ្លាស់ប្តូរទៅកាន់តំណែងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដែលមានឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាអនុប្រធានទី១។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហឿន សំនៀង នាព្រឹកថ្ងៃទី២០កញ្ញា។
លោក ហឿន សំនៀង បានឲ្យដឹងថា ថ្មីៗនេះ ក្រោយពីលោកបានបង្ហោះសារទាក់ទងការយាងព្រះពុទ្ធបដិមាចេញពីកន្លែងធ្វើការ ក៏មានបងប្អូនញាតិមិត្តជិតឆ្ងាយជាច្រើនឆាតមកសួរនាំអំពីដំណើររឿងហ្នឹង។ ដូច្នេះ ដើម្បីសម្រាយចម្ងល់ និងសំនួរលោកឲ្យដឹងថា ដោយទទួលបានការឯកភាពពីថ្នាក់ដឹកនាំទាំងពីរ គឺលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យលោកទៅបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា-CDC ក្នុងគោលបំណងផ្លាស់ប្តូរដកស្រង់បទពិសោធន៍ និងរៀនសូត្រពីឱកាសថ្មីៗនៅទីនោះ។
ជុំវិញ ការចាកចេញពីនាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូននៅពេលនេះលោកមិនទាន់បានបញ្ជាក់ពីតួនាទីដែលត្រូវទៅដឹកនាំនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឡើយ។
លោកគូសបញ្ជាក់ថា កន្លងមក ក្នុងរយៈពេលជិតបីឆ្នាំកន្លងមកនេះ ដែលលោកត្រូវបានផ្តល់ឱកាសដោយថ្នាក់ដឹកនាំ ឲ្យចូលរួមបេសកកម្មដ៏ពិសេសមួយក្នុងការបង្កើតវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងដឹកនាំផ្ទាល់ផងនោះ វាពិតជាឱកាសដ៏កម្រមួយក្នុងជីវិត និងជាបទពិសោធន៍ដ៏ល្អអស្ចារ្យ ដែលលោកត្រូវតែគោរពដឹងគុណនិងបូជាដ៏ស្មោះត្រង់ ទាំងកំលាំងកាយចិត្តនិងសមត្ថភាព ជូនជាតិមាតុភូមិជាទីស្រឡាញ់បំផុតនៃយើងទាំងអស់គ្នា។
ទន្ទឹមនេះ ការទទួលបានឱកាសថ្មីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ជាជំហ៊ានថ្មីមួយទៀតនៃជីវិតក្នុងនាមជាមន្ត្រីរាជការ ជាអ្នកបម្រើជាតិមាតុភូមិ និងប្រជាជន ដែលលោកអាចរៀនសូត្រពីជ្រុងដ៏ល្អមួយទៀត ទាក់ទងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងការអនុវត្តនៃការវិនិយោគលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា។ ការងារជាសាលាដ៏ល្អបំផុត។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺស្ថាប័នប្រតិបត្តិ បំពេញមុខងារជាសេនាធិការជូនរាជរដ្ឋាភិបាល និងជាច្រកចេញចូលតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជា លើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនបន្ថែមថា លោក ហឿន សំនៀង ត្រូវបានតែងតាំងជានាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ លោកធ្លាប់កាន់តំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ និងជាជំនួយការផ្ទាល់ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលអាណត្តិទី៦៕