ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃនេះថា អត្រាប្តូរប្រាក់រៀលធៀបនឹងលុយដុល្លារអាមេរិក បានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ បន្ទាប់ពីបានដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៤លើកក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ។
យោងតាមការសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ខែកញ្ញនេះ បានអះអាងថា« ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិក ចំនួន៤លើក ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បានធ្លាក់មកដល់កម្រិតសមសម្របតាមស្ថានភាពទីផ្សារ»។
បើតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា«ដោយពិនិត្យឃើញពីការកែប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ និងការអភិវឌ្ឍនៃស្ថានភាពម៉ាក្រសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀលនិងរួមចំណែកគំាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ »។
បើតាមធនាគារជាតិនៃកម្ពុជា ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន២ដងក្នុងមួយសប្តាហ៍ «ថ្ងៃពុធ និងសុក្រ»សម្រាប់រយៈពេល៤សប្តាហ៍តទៅមុខទៀត។
យោងតាមការជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាកាលថ្ងៃទី៤ខែកញ្ញា ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជានឹងដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិក៖នៅថ្ងៃពុធទី៦ខែកញ្ញា ឆ្នំា២០២៣ចំនួន១០លានដុល្លារអាមេរិក, ថ្ងៃសុក្រទី៨ខែកញ្ញាឆ្នំា២០២៣ចំនួន១៥លានដុល្លារអាមេរិក, ថ្ងៃពុធទី១៣ ខែកញ្ញាឆ្នំា២០២៣ចំនួន១០លានដុល្លារអាមេរិកនិងថ្ងៃសុក្រទី១៥ខែកញ្ញាឆ្នំា២០២៣ចំនួន១៥លានដុលា្លរអាមេរិក។
ទាក់ទងនិងការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកខាងលើនេះ ប្រធានាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាយល់ឃើញថាបើតាមការយល់ឃើញថា នៅក្នុងរយៈប៉ុន្មានខែកន្លងមកនេះលុយដុល្លារអាមេរិកវាឡើងខ្លំាង បើប្រៀបធៀបទៅនិងលុយខ្មែរ ហើយវាអត់ចុះមកវិញទេ ស្ថិតក្នុងនៅក្នុងពេលនេះលុយដុល្លារអាមេរិកក្នុង១ដុល្លារឡើងដល់៤១៥០រៀលឬលើសពីនេះ។
លោក កំាង តុងងី មានប្រសាសន៍ថា« នេះជាយុទ្ធសាស្ត្រ ដើម្បីថែរក្សាស្ថិរភាពប្រាក់រៀលរបស់ខ្មែរគឺធនាគារកណ្តាល គាត់ត្រូវបញ្ចេញលុយដុល្លារអាមេរិកដើម្បីឱ្យប្រាក់រៀលយើងមានស្ថិរភាពឡើងវិញ»។
លោកលើកឡើងថា តាមការអង្កេតរបស់ខ្ញុំ បញ្ហាអតិផរណា លុយរបស់ប្រទេសនីមួយៗវាមិនមែនកើតឡើងតែនៅកម្ពុជានោះទេ សម្រាប់ប្រទេសនៅក្នុងតំបន់យើងក៏ជួបបញ្ហាដែរ ហើយមានបញ្ហាធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយណាស់ដោយ ប្រទេសខ្លះអតិផរណាលុយឡើងរហូតដល់១០០%, ប្រទេសខ្លះមានកម្រិត៧០% និងប្រទេសខ្លះទៀតមានកម្រិត៥០%។
លោកបន្តថា «ការពិតកម្ពុជាទៅវិញទៅដែលយើងមានស្ថិរភាពអត្រាប្តូរប្រាក់ល្អ ។ស្ថិរភាពអត្រាប្តូរប្រាក់ល្អនេះមួយផ្នែកអាចមកយើងចាយប្រាក់ដុល្លារអាមេរិកដែរ ប៉ុន្តែមួយផ្នែកទៀតដោយសារតែការគ្រប់គ្រងសេដ្ឋកិច្ចនិងគោលនយោបាយសាច់ប្រាក់របស់យើងមានភាពល្អប្រសើរតាមរយៈការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា»៕
អត្ថបទ៖សារេត