នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ភាគីរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញតួលេខប្រាក់ឈ្នួល ចំនួន២០២ដុល្លារ។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ៤ម៉ោងមក លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ភាគីតំណាងនយោជក បានដាក់នូវតួលេខថ្មីចំនួន ២០១.៥ដុល្លារ ជាគោលជំហរចុងក្រោយរបស់ខ្លួន។ ចំណែកភាគីតំណាងកម្មករ-និយោជិត ក៏បានដាក់នូវតួលេខថ្មីចុងក្រោយរបស់ខ្លួនចំនួន ២តួលេខ គឺ ២០៤ដុល្លារ មានចំនួន១២នាក់លើ១៧នាក់ និង ២១៣ដុល្លារ មាន៥នាក់លើ១៧នាក់។ចំណែកភាគីរាជរដ្ឋាភិបាល ដែលបានគណនាទៅតាមរូបមន្ត និងតួលេខផ្លូវការ គឺបានកំណត់នូវតួលេខកណ្ដាលមួយ នោះគឺ ២០២ដុល្លារ។
រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា «បើយោងទៅលើអ្វីដែលចែងនៅក្នុងយន្ដការ ក៏ដូចជាច្បាប់ ស្ដីពី ប្រាក់ឈ្នូលអប្បរមានេះ កិច្ចប្រជុំថ្ងៃនេះ លទ្ធផលក្លាយជាគោលជំហរផ្លូវការចុងក្រោយ របស់ភាគីនីមួយៗ ហើយយោងតាមច្បាប់ដោយសារភាគីនីមួយៗ មានតួលេខផ្សេងគ្នា មានន័យថា យើងអត់បានឯកភាពជាឯកច្ឆ័ន ឬកុងសងស៊ីសទេ។ដូច្នេះ តាមច្បាប់ត្រូវបើកកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យទៅលើគោលជំហរចុងក្រោយម្ដងទៀត ហើយប្រសិនបើកិច្ចប្រជុំលើកទី ២ ភាគីនីមួយៗនៅរក្សាគោលជំហររៀងៗខ្លួន ដែលមិនមានការឯកភាពជាឯកច្ឆ័ននោះ គឺនឹងមានការបោះឆ្នោត ជ្រើសរើសតួលេខមួយនៅក្នុងកិច្ចប្រជុំ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣តែម្ដង»។
លោកបន្តថា បើទោះបីជាតួលេខរវាងសហជីពនិងនិយោជកមិនទាន់ឈានដល់ចំណុចរួមមួយ តែភាគីទាំងពីមានការយោគយល់គ្នាច្រើន ដោយភាគីសហជីពខិតខំព្យាយាមសម្របសម្រួលផ្ទៃក្នុងរបស់ខ្លួន ទៅតាមការយល់ឃើញ ក៏ដូចជាស្របទៅតាមវិជ្ជាជីវៈផងដែរ។
ជុំវិញរឿងនេះ លោកឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា តួលេខ២០១.៥ ដុល្លារនេះ គឺជាជំហរចុងក្រោយហើយសម្រាប់និយោជក។
ជាមួយគ្នានេះលោកឧកញ៉ាថា «បច្ចុប្បន្ននេះ និយោជកកំពុងមានបញ្ហាប្រឈមតែមួយទេ គឺភ័ស្តភារកម្មឡូជីស្ទិច ដែលឥឡូវនេះ ភាគីនិយោជកបានស្នើទៅខាងរដ្ឋាភិបាល ដើម្បីធ្វើការសម្រួលចុះបាន៣៥%នៃកញ្ចប់ដែលបង់រាល់ថ្ងៃ ។ ការស្នើសុំបញ្ហានេះ ព្រោះតែវាបានផ្ដល់ផលល្អ លើការពិភាក្សានៅឆ្នាំ២០២៥ ពីព្រោះពេលវេលានៅសល់តែប៉ុន្មានខែទៀតទេ ពោលគឺសល់តែ៩ខែទៀត នឹងដល់ពេលត្រូវពិភាក្សាប្រាក់ឈ្នួលនៅឆ្នាំ២០២៥ហើយ ដែលការណ៍នេះ ប្រសិនបើរដ្ឋាភិបាលជួយសម្រួលបាន វានឹងអំណោយផលដល់ការពិភាក្សានៅឆ្នាំក្រោយៗទៀត ជាក់ស្ដែងគឺឆ្នាំ២០២៥តែម្ដង។
ជាការឆ្លើយតាមសំណើរនិយោជកនេះ ឧកញ៉ា ណាង សុធី សង្ឃឹមថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ នេះ ដែលជាវេទិការរវាងរដ្ឋាភិបាលនិងនិយោជក រដ្ឋាភិបាលនឹងឆ្លើយនៅសំណើរនេះ។
បន្ថែមទៀតនោះលោកឧកញ៉ា បានគូសបញ្ជាក់ថា ដោយឆ្លងកាត់លើការសម្រេចប្រាក់ឈ្នួលអប្បបរមា២០ឆ្នាំមកនេះ និយោជកជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានជ័យជំនះយ៉ាងពិតប្រាកដ ពីព្រោះថា ទាំងភាគីនិយោជក ក៏ដូចជារដ្ឋាភិបាលមុននឹងដាក់តួលេខណាមួយ គឺបានគិតគូរយ៉ាងល្អិតល្អន់ណាស់ ចំណែកការលើកតួលេខរបស់និយោជិតគឺច្រើនពេក ដែលជាហេតុមិនអាចទទួលបានជ័យជំនះនោះទេ។
លោក គីម ចាន់សំណាង តំណាងកម្មករ និយោជិត បានបញ្ជាក់ថា ការដាក់ស្នើតួលេខពីរផ្សេងគ្នាក្នុងថ្ងៃនេះ ព្រោះតែសហជីពដែលចូលរួមគឺតំណាងកម្មករផ្សេងៗគ្នា ការលើកឡើងនៅទឡ្ហីករណ៍ក៏មានផ្សេងៗគ្នា ហើយក្នុងថ្ងៃនេះភាគីសហជីពមិនទាន់រកចំណុចរួមឃើញនៅឡើយទេ។
លោកថា ការស្នើតួលេខនេះ គឺមិនឱ្យលើសពីការប្រកួតប្រជែង ពីព្រោះធម្មតាការតម្លើងប្រាក់ឈ្នួលគឺត្រូវស្ថិតទៅលើលក្ខណៈវិនិច្ឆ័យទាំងប្រាំពីរ គឺទីមួយ អតិផរណា ទីពីរ ការប្រកួតប្រជែង ដែលជាចំណុចសំខាន់ក្នុងការវិភាគ និង ការប្រែប្រួលលើតួលេខដែលទទួលបានរាល់ថ្ងៃ។ ដូច្នេះ សហជីពគឺស្ថិតនៅជាមួយបងប្អូនកម្មករយ៉ាងពិតប្រាកដ មានន័យថា សហជីពចង់ឃើញកម្មករមានការតម្លើងប្រាក់ឈ្នួល និងមានការងារច្រើន។
លោកន្ថែមថា គោលបំណងសហជីព គឺចង់ឃើញបងប្អូនកម្មករមានការងារធ្វើច្រើន និងចំនួនកម្មករក៏មានការកើនឡើងច្រើនផងដែរ ។ ដោយយើងកាត់បន្ថយការតម្លើងប្រាក់ឈ្នួលពី ២១៥ដុល្លារ មកនៅតិចជាងនេះ ដើម្បីនិយោជកមានលទ្ធភាពផ្ដល់ឱ្យ ព្រមទាំងមានលទ្ធភាពក្នុងការបង្កើតរោងចក្រផ្សេងទៀត ដែលជាផលចំណេញសម្រាប់កម្មករ និយោជិត ទទួលបានឱកាសការងារកាន់តែច្រើន ។
ជាមួយគ្នានេះ សហជីពក៏បានសំណូមពរទៅរដ្ឋាភិបាល ឱ្យកាត់បន្ថយថ្លៃទឹក ថ្លៃភ្លើង ព្រមទាំងគិតគូរទៅលើបេឡាជាតិ របបសន្តិសុខសង្គម សេវាពិនិត្យសុខភាព ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយចំពោះអត្ថប្រយោជន៍ជូនបងប្អូនកម្មករជាបន្តបន្ទាប់ទៅមុខទៀត។
សូមជម្រាបជូនថា ការពិភាក្សាត្រីភាគីនេះ ជាការស្នើតួរលេខសម្រេច និងសំណូមពរផ្សេងៗពីភាគីកម្មករនិយោជិត និងនិយោជក ដើម្បីឱ្យក្រសួងការងារប្រជុំសម្រេចជាផ្លូវការម្ដងទៀត នៅថ្ងៃទី២៨ ខែកញ្ញា មុននឹងបញ្ជូនរបាយការណ៍នេះជូន សម្ដេច ហ៊ុន ម៉ាណែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុកធា