សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញឱ្យមានការបញ្ចុះតម្លៃថ្លៃអគ្គីសនីដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជា ដើម្បីជំរុញដល់សកម្មភាពផលិត និងការចំណាយរបស់សគ្រាសទាំងនោះ។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដូច្នេះ ត្រូវបានធ្វើឡើងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ កាលថ្ងៃ ទី១៩ កញ្ញា ២០២៣។
នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ខណៈសម្តេចថា ក្នុងនោះ នឹងមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរលើការបញ្ចុះតម្លៃអគ្គីសនីណាមួយពីរដ្ឋាភិបាល។
សម្តេចបន្តថា៖«ការជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយទេ គឺពោលត្រូវអនុវត្តន៍ឱ្យបាននៅឆ្នាំនេះ អាចចាប់ផ្តើមពីខែ១០នេះតទៅ អាចសាកល្បង៣ខែសិន ថាអាចដំណើរការបានអត់? ដើម្បីធ្វើយ៉ាងណាសំដៅឱ្យសហគ្រាសទាំងនោះអាចមានលទ្ធភាពធ្វើការងារផ្សេងៗបាន»។
ជាមួយគ្នានេះ ក្រៅពីជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីដល់សហគ្រាសនៅកម្ពុជាហើយនោះ នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្ត ឬមូលដា្ននរបស់ខ្លួន ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយផងដែរ៕
អត្ថបទ៖ ពិសី