ក្រោយទទួលតំណែងជានាយរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ តាំងពីថ្ងៃទី២២ ខែសីហា រហូតដល់ពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះជួបជាមួយកម្មករ កម្មការិនី និយោជិត និយោជកនៅតាមរោងចក្រសហគ្រាសបានចំនួន៤លើកហើយ ដែលសរុបមានប្រមាណជា ៧ ២៦៥៨នាក់។

របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ បានឱ្យដឹងថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីលើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ មានកម្មករប្រមាណ១៨០០០នាក់ កាលពីថ្ងៃទី២៩ ខែសីហា,លើកទី២ កាលពីថ្ងៃទី០១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករនិយោជិត ១៨ ២៨៩នាក់,លើកទី៣ មានកម្មករនិយោជិត ១៨២៦៥នាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកញ្ញា, និងលើកទី៤នៅខេត្តតាកែវ មានកម្មករនិយោជិតប្រមាណ១៨១០៤នាក់ នៅព្រឹកថ្ងៃ១៩ ខែកញ្ញានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា គោលបំណងចំនួន២ដែលជួបជាមួយបងប្អូនកម្មករនិយោជិត ទី១ អរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ៕