កម្ពុជា-ចិន តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ កញ្ញាកន្លងទៅ។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញានេះ បានជូនដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់កែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិនផងដែរ។
ពាក់ព័ន្ធនឹងការនាំចេញផ្លែដូងពីកម្ពុជា ទៅចិននេះ លោក សួង ណយ ស្ថាបនិកសហគមន៍ដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិជម្រុញភូមិមួយផលិតផលមួយ បានឱ្យដឹងថា ទីផ្សារដូងក្រអូបកម្ពុជាល្អ មានការគាំទ្រច្រើន។ហើយការអនុញ្ញាតនាំចេញផ្លែដូងពីកម្ពុជាទៅប្រទេសចិន វាជាការល្អ ឱ្យតែមានប្រទេសចង់នាំចេញផលិតផលកម្ពុជាច្រើន ជាពិសេសផ្លែដូងក្រអូប។
លោកបញ្ជាក់ថា «ក្នុងនោះសហគមន៍ដូងក្រអូបកម្ពុជាក៏បានបន្ថែមបន្តុំផលិតតាមខេត្ត ដើម្បីប្រមូលយកមកវិចខ្ចប់កែច្នៃ ផ្គត់ផ្គង់ទាំងក្នុងស្រុក និងក្រៅប្រទេស ជាពិសេសប្រទេសចិនតែម្តង។ហើយចំពោះការចុះបញ្ជីនៅក្រសួងកសិកម្ម យើងនឹងបំផុសបំផុលឱ្យសមាជិកចុះជាសហគមន៍ជាក់ស្តែងតាមការជជែកជាមួយនឹងក្រសួងកសិកម្ម»។
បើតាមលោក សួង ណយ ថា បើសិនជាប្រទេសជិតខាង តួយ៉ាងប្រទេសចិន អនុញ្ញាតឱ្យមានការនាំចេញផលិតផលខ្មែរជាពិសេសដូងក្រអូបគឺជារឿងល្អមែនមែន ព្រោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករម្ចាស់ចំការ អាចបានតម្លៃទាំងក្នុងស្រុកនិងក្រៅស្រុក ហើយកាលណាកសិករលក់បានតម្លៃថ្លៃ នោះកសិករមានជីវភាពធូរធារ ធ្វើឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។ទោះបីជាយ៉ាងណា ក៏មានបញ្ហាដែរ នោះគឺខ្លាចមិនមានដូងនាំចេញ ដោយសារបច្ចុប្បន្នខ្មែរយើងមិនមានដូងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឡើយទេ ពោលនៅមានការនាំចូលពីប្រទេសថៃ ប្រទេសវៀតណាមមិនតិចជាង៧០%នោះទេ។
លោកបន្តថា ដើម្បីនាំចេញឬផ្គត់ផ្គង់ដូងឱ្យស្របទៅតាមតម្រូវការប្រទេសចិនបាន លុះត្រាតែសហគមន៍ដូងក្រអូបកម្ពុជា ឬអ្នកកែច្នៃ អ្នកប្រមូលទិញដូង អាចពង្រីកសក្តានុពល ពង្រីកការដាំ ក៏ដូចជាពង្រឹងគុណភាពផងដែរ។
លោក បន្ថែមថា ក្នុងនាមជាសហគមន៍ដូងក្រអូបកម្ពុជា ក៏មានវិធានការផ្សេងៗផងដែរ ទី១,ប្រមូលចងក្រងសមាជិកបន្ថែម,ទី២ ត្រូវរកទុនថវិកាដើម្បីប្រមូលផ្តុំកែច្នៃ រួចនាំចេញ, ទី៣ ត្រូវពង្រឹងសមត្ថភាពសក្តានុពល ក្នុងការវេចខ្ចប់កែច្នៃឱ្យទំនើបទាន់សម័យ,និងទី៤ ម្ចាស់ចំការនីមួយៗត្រូវតែពង្រីកការដាំដុះឱ្យស្របតាមទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕