អ្នកជំនាញចង់ឃើញប្រជាពលរដ្ឋខ្មែរជាច្រើនទៅកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ បន្ទាប់ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វ៊េសប៊ុកនៅថ្ងៃទី២០ខែកញ្ញានេះ គេសង្កេតឃើញមានការបង្ហោះនៅខ្លឹមសារបង្ហាញពីការអបអរសាទរដល់រមណីយដ្ឋានប្រាសាទកោះកេរដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នំា២០២៣។ ទន្ទឹមការផ្សព្វផ្សាយនិងមានការគំាំទ្រនៅក្រប់ស្ថាប័នរដ្ឋ អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ម្នាក់ចង់ឃើញប្រជាពលរដ្ឋខ្មែរជាច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍ប្រចំាខេត្តសៀមរាបបានឱ្យដឹងថានៅថ្ងៃនេះនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វ៊េសប៊ុកឃើញមានការបង្ហោះពោពេញទៅដោយព័ត៌មានបង្ហាញពីការអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ បន្ទាប់ពីអង្គការយូណេស្កូកាល បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៧ខែកញ្ញាឆ្នំា២០២៣កន្លងមក។

លោកបន្តថា« នេះគឺជាព័ត៌មានដ៏ល្អមួយផ្សព្វផ្សាយសម្រាប់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែលគាត់មិនដែលធ្លាប់បានទៅឬគាត់គិតថាមិនសំខាន់។ តែក្រោយពីមានការផ្សព្វផ្សាយអំពីរមណីយដ្ឋានប្រាសាទកោះកេរហើយ ពួកគាត់ច្បាស់ជាគិតថាក្រៅពីតំបន់នៅខេត្តសៀមរាប នៅមានខេត្តព្រះវិហារមានប្រាង្គប្រាសាទធំមួយចំនួនដូចប្រាសាទកោះកេរជាដើម។អីចឹងយើងសង្ឃឹមថានឹងមានភ្ញៀវច្រើនទៅលេងនៅរមណីយដ្ឋានបា្រសាទកោះកេរលើសពីមិនទាន់មានការផ្សព្វផ្សាយ»។

តាមលោក ធឿន វុឌ្ឍី មានក្តីរំពឹងថាបន្ទាប់ពីប្រជាពលរដ្ឋបានទៅលេងរមណីយដ្ឋានប្រាសាទកោះកេរ បានម្តងហើយនិងធ្វើឱ្យកូនខ្មែរជក់ចិត្តទៅលេងបន្តទៀតនៅពេលក្រោយ។តែទន្ទឹមនិងនេះទាមទារឱ្យអាជ្ញាធរខេត្តមានការរៀបចំអ្វីបន្ថែមដើម្បីទាក់ទាញក្រៅពីប្រាសាទ។

លោក ធឿន វុឌ្ឍី លើកឡើងថា« ខ្ញុំមិនចង់ឃើញប្រជាពលរដ្ឋខ្មែរ ទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រាសាទកោះកេរឬទីតំាងផ្សេងទៀត បង្ហាញការគំាំទ្រមានតែក្នុងរយៈពេលខ្លី ក្រោយមកទុកឱ្យទីតំាងទំាងនោះនៅឯកោ ដូចទៅនិងមួយរយៈកាលមុនមានសំណេរជាច្រើនបានសរសេរថា« ប្រាង្គព្រះវិហាររងារម្នាក់ឯង កណ្តោចកណ្តែងនៅលើខ្នងភ្នំ»។ដូចនេះយើងមិនចង់ឱ្យរមណីយដ្ឋានប្រាសាទកោះកេរនៅកំព្រាម្នាក់ឯងអីចឹងដែរ យើងចង់ឃើញប្រជាពលរដ្ឋខ្មែរបានទៅលេង ទៅគំាំទ្រសិក្សាស្វែងយល់ឱ្យបានទូលំទូលាយនិងច្រើនកុះករ»។

លោកបន្តថា លើសពីនេះពលរដ្ឋខ្មែរបានឱ្យតម្លៃទៅលើបេតិកភណ្ឌ និងអ្នករៀបចំសេវាកម្មនៅក្នុងវិស័យទេសចរណ៍ ដើម្បីផ្តល់ការងារដល់ពួកគាត់ផង និងសម្រាប់ពលរដ្ឋ គាត់បានយល់ដឹងបន្ថែមជាជាងយើងទៅលេងកម្សាន្តដោយមិនដឹងពីប្រវត្តិលែងឱ្យយើងចង់ទៅ តែបើយើងទៅមានការរៀបរាប់ មានការពន្យល់ត្រឹមត្រូវ ធ្វើឱ្យយើងចង់ទៅលេងម្តងទៀត៕ អត្ថបទ៖សារេត