កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិចគឺមកត្រឹម ៥,៣% ពី ៥,៥% ជាចម្បងគឺ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ។នេះបើយោងតាមការ ធ្វើបច្ចុប្បន្នភាពនៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញានេះ។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ កត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះ ត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិគ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។
នាយិកាធនាគារ ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ ដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុកបានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។វិស័យសេវាកម្ម ចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍»។
របាយការណ៍នេះ បានបង្កើនការព្យាករណ៍កំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ ពី ៧,៣% ទៅ ៨,០%។ ការព្យាករណ៍សម្រាប់កំណើនវិស័យឧស្សាហកម្ម ត្រូវបានបន្ថយពី ៥,៨% មក ៤,៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ ០,៩%។របាយការណ៍នេះរក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះ នៅកម្រិត ៣,០% និងឆ្នាំក្រោយនៅកម្រិត ៤,០%។ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួមឱនភាពគណនីចរន្ត។
ហានិភ័យសម្រាប់ទស្សនវិស័យនេះ រួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរ និងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជន ដែលមានកម្រិតខ្ពស់និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងអាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាស ផែនដី៕
អត្ថបទ៖សារេត