កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបិទសមយុទ្ធសុខាភិបាលរួមគ្នាដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ពិធីបិទសមយុទ្ធសុខាភិបាលយោធារួមគ្នានេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន (WANG SHUQIAN) ប្រធាននាយកដ្ឋានសុខាភិបាល និងជាគណៈកម្មាធិការយោធាមជ្ឈឹមចិន។
ក្រសួងការពារជាតិ បានឲ្យដឹងថា សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទចំនួន ៧ រួមមាន៖ ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា,ការដឹកជញ្ជូនកម្លាំងទ័ព,ការពង្រាយកម្លាំងប្រតិបត្តិការ, ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ,ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត,ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស និងការការពារបង្ការជំងឺឆ្លង ដែលធ្វើឡើងចាប់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
នាយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ មានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះសមយុទ្ធរវាងកងទ័ពកម្ពុជា និងចិន ជាលើកទី១ បានធ្វើឱ្យកងទ័ពប្រទេសទាំងពីរទទួលបានការផ្លាស់ប្តូរចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ជាពិសេសបង្កើនកិច្ចសហការប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។
លោកបន្តថា សមយុទ្ធសុខាភិបាល ដែលទទួលបានជោគជ័យនេះ បានផ្ដើមចេញពីទំនាក់ទំនងជាមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងចិន ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ វ៉ាង ស៊ូឈាន ប្រធាននាយកដ្ឋានសុខាភិបាល និងជាគណៈកម្មាធិការយោធាមជ្ឈឹមចិន បានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធរវាងយោធាប្រទេសទាំងពីរនេះ នឹងក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិជាថ្មីក្នុងប្រវត្តិសាស្ត្រ។ លោកថា សមយុទ្ធសុខាភិបាលនេះ បានអនុវត្តការងាររួមគ្នាលើវិស័យវេជ្ជសាស្ត្រសុខាភិបាល និងការសង្គ្រោះ ដែលចូលរួមពីសំណាក់កងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិន។
សូមជម្រាបជូនថា សមយុទ្ធនេះ ក៏ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាពជាដើម៕