អាមេរិក-កម្ពុជា រៀបចំវេទិកាធុរកិច្ចដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

វេទិកាធុរកិច្ចអាមេរិក-កម្ពុជា ក្រោមមូលបទកាលានុវត្តភាពថ្មី វិបុលភាពរួម នៅទីក្រុងញូវយ៉ក កាលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ វេទិកាធុរកិច្ចនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្មកម្ពុជា គោលបំណងសំខាន់នៃវេទិកាធុរកិច្ចនេះ គឺដើម្បីជំរុញធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសផ្សព្វផ្សាយវិស័យសក្តានុពលកម្ពុជា និងគោលនយោបាយលើកទឹកចិត្ត ដើម្បីទាក់ទាញវិនិយោគិនអាមេរិកមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ មានការចូលរួមពីក្រុមហ៊ុនធំៗនិងធុរជនអាមេរិកកម្ពុជា ជាង១០០ រួមមានដូចជា Boeing Chevron MasterCard Visa Zuellig Pharma ជាដើម។

ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិកកម្ពុជា ដែលបន្តរីកចម្រើនជានិច្ច។ លោកថា បច្ចុប្បន្នវត្តមានក្រុមហ៊ុនអាមេរិកធំៗបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាយូរឆ្នាំមកហើយដូចជា CocacCola, Ford GE ជាដើម។

ទន្ទឹមនឹងនោះ ឧកញ៉ា គួច ផេង ក៏បានគូសបញ្ជាក់អំពីយុទ្ធសាសនាបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវអនុវត្តរួមគ្នាជាមួយវិស័យឯកជនផងដែរ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។ រយៈពេល៨ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។

បើតាមទិន្នន័យដដែល ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕