នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា ដែលរៀបចំដោយធុរជនអាមេរិក និងកម្ពុជា ដើម្បីពង្រីកឱកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា។
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ព្រមទាំងកាលានុវត្តភាពធុរកិច្ច វិនិយោគ ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ក៏ថូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា «នៅកម្ពុជា ទំហំវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិក បានបន្តកើនឡើងពី ២២៥លាន ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១០ បានកើនឡើងដល់ ៨៩៣លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២២។
សាជីវកម្មពហុជាតិអាមេរិក ដែលវិនិយោគនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Ford កូកា-កូឡា Tiffany និងក្រុមហ៊ុន General Electric ដែលបានឆ្លុះបញ្ចាំងនៃកំណើនទំហំទីផ្សារកម្ពុជា និង ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា»។
សម្តេចធិបតីបន្តថា ប្រទេសកម្ពុជានៅតែបន្ដពង្រីកទំហំទីផ្សារខ្លួន តាមរយៈការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ យន្ដការទ្វេភាគី ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ, និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុង ជ្រោយ តំបន់ (RECP)។
ដើម្បីបម្រើជាច្រកនាំចេញឱ្យកាន់តែធំទូលាយ ក្នុងការនាំចេញទំនិញដែលផលិតដោយ សាជីវកម្ម ពហុជាតិអាមេរិកនៅកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្រ្តី សូមអញ្ជើញវិនិយោគិន និងធុរជនសហរដ្ឋអាមេរិក មកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។
សម្តេចធិបតីថ្លែងថា៖ «នៅដើមឆ្នាំនេះ ខ្ញុំមានឱកាសបានជួប ប្រតិភូសហរដ្ឋអាមេរិក ដែលរៀបចំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាស៊ាន ហើយខ្ញុំសង្ឃឹមថា នឹងមានឡើងជាប្រចាំ ហើយកម្ពុជារីករាយក្នុងការស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយសមាជិករដ្ឋាភិបាលថ្មីរបស់ខ្ញុំ»។
សម្តេចធិបតីថ្លែងបញ្ជាក់បន្ថែមថា «ខ្ញុំសង្ឃឹមថា វិនិយោគិននឹងឃើញពីកាលានុវត្តភាពក្នុងការវិនិយោគ និងសិក្សាបន្ថែមអំពី សក្ដានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគនៅកម្ពុជា។ យើងមានពាក្យស្លោក «បានឃើញម្ដង ប្រសើរជាង បាន ឮមួយពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជា»៕