ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ លើការបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ទន្ទឹមគ្នានេះ ក្រុមអ្នកនាំពាក្យអះអាងថា រដ្ឋាភិបាលកម្ពុជា មិនបានចំណាយថវិការបស់រដ្ឋ លើបដាផ្សព្វផ្សាយ ដូចការចោទប្រកាន់នោះឡើយ។

ការលើកឡើងពីក្រុមអ្នកនាំពាក្យនាយកដ្ឋមន្រ្តីនាពេលនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក កម្ពុជា នៅលើបដាផ្សព្វផ្សាយនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈសេចក្តីបំភ្លឺព័ត៌មានខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេល សម្តេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ ២០២៣ មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយតាមបដា គាំទ្រ សម្ដេចធិបតី នៅតំបន់ Tire Square ថា ជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបង្ហាញសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និង គ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់សាធារណមតិជាតិ និងអន្តរជាតិ។
ក្នុងនោះ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ សម្ដេចធិបតី តាមរយៈបដាខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំបដាផ្សព្វផ្សាយខាងលើពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។
ជាមួយគ្នានេះ ការរៀបចំបដាផ្សព្វផ្សាយខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងការគាំទ្រ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះ សម្តេច ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង“កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជា ជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
យ៉ាងណាមិញ ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី ក៏បានប្រកាសឱ្យសាធារណជនទាំងអស់ជ្រាបជាព័ត៌មានជុំវិញរឿងនេះផងដែរ៕
អត្ថបទ៖ ពិសី