ប្រទេសកម្ពុជាកំពុងក្លាយខ្លួនជាប្រភពនៃការផ្គត់ផ្គង់គ្រឿងយានយន្តដែលមានសក្តានុពលដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍។ នេះបើតាមការបង្ហាញលើវេបសាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងទីផ្សារសំខាន់ៗជាច្រើននៅក្នុងតំបន់ និងសកលលោកដែលបានផ្តល់នូវលក្ខខណ្ឌដ៏អំណោយផលសម្រាប់ក្រុមហ៊ុនយានយន្តជាច្រើន។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយានយន្តលំដាប់ពិភពលោកជាច្រើនដូចជា DENSO និង Sumitomo កំពុងទទួលបានភាពជោគជ័យសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។
បើតាម CDC ទុនវិនិយោគសរុបមានចំនួនលើស ២៥០លានដុល្លា ចាប់តាំងពីឆ្នាំ ២០១១មកហើយក្រុមហ៊ុនផលិតគ្រឿងយានយន្ត និងតម្លើងរថយន្តជាច្រើនកំពុងមានប្រតិបត្តិការ ស្របពេលដែលការវិនិយោគវិស័យនេះកំពុងមានការកើនឡើង។
សម្រាប់ការនាំចេញគ្រឿងយានយន្តបន្លាស់រថយន្តមានតម្លៃប្រមាណ ២០០លានដុល្លា ប្រចាំឆ្នាំ។ ការនាំចេញគ្រឿងយានយន្តមានកំណើនប្រមាណ ៣៦% ពីឆ្នាំ ២០១៥ ដល់ ឆ្នាំ ២០១៩។ ក្រុមហ៊ុនដែលបានមកវិនិយោគវិស័យនេះនៅកម្ពុជាកំពុងមានសកម្មភាពក្នុងការផលិតគ្រឿងបង្គុំយានយន្តសំខាន់ៗដែលមានដូចជា ខ្សែភ្លើង ផ្នែកម៉ាស៊ីនត្រជាក់ និងគ្រឿងបន្លាស់រថយន្តផ្សេងៗ។
ដោយឡែក ទោចក្រយានយន្ត (ម៉ូតូ) ប្រមាណ ៤០ ម៉ឺនគ្រឿងត្រូវបានផលិតជាប្រចាំឆ្នាំ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថា ម៉ូតូគឺជាទីផ្សារមួយដ៏ធំរបស់កម្ពុជាដែលនេះជាមូលហេតុទាក់ទាញឱ្យក្រុមហ៊ុនតម្លើង និងផលិតគ្រឿងបង្គុំយានយន្តជាច្រើនមកធ្វើការបោះទុនវិនិយោគនៅកម្ពុជា។
តាមស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការកើនឡើងនៃចំនួនទឹកប្រាក់នាំចេញទំនិញទៅទីផ្សារអន្តរជាតិ នារយៈពេល ២ខែចុងក្រោយ បានធ្វើឱ្យតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាន់តែល្អ ខណៈទឹកប្រាក់នៃការនាំចេញក្នុងឆមាសទី១ ឆ្នាំ ២០២៣ មានជាង ១១ ពាន់លានដុល្លារ កើនឡើងតិចតួចធៀបឆមាសទី១ ឆ្នាំ ២០២២។
របាយការណ៍ចេញផ្សាយកាលពីខែកក្កដាកន្លងទៅបង្ហាញថា ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់សរុប ១១ ៤៦៤,៤៨ លានដុល្លារ កើនឡើង ០,៧៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១១ ៣៧៩,១២២ លានដុល្លារ។
ជាមួយគ្នានេះ គិតមកដល់ពេលនេះកម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួន ៩ក្រុមហ៊ុន ក្នុងនោះ៣ក្រុមហ៊ុន កំពុងដំណើរការអាជីវកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ៦ក្រុមហ៊ុនផ្សេងទៀតកំពុងដំណើរការសាងសង់រោងចក្រ រួមមាន៖ ក្រុមហ៊ុន Hyundai Camko Motor, ក្រុមហ៊ុន Daehan Auto និងក្រុមហ៊ុន RMA Cambodia (Ford), ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន Toyata Tsusho Manufacturing, ក្រុមហ៊ុន China Matrix Technology Group-Horche ៕