ធនាគារជាតិនៃកម្ពុជា( NBC) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ពោលគឺរយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរហូតជិត៦០ ប៊ីលានដុល្លារអាមេរិក។
ធនាគារជាតិនៃកម្ពុជា បានបន្តទៀតថា សម្រាប់ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ចំនួនេះ គឺមានការកើនឡើងចំនួន ១០,៥% បើប្រៀបធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០២២។
ប្រភពដដែលបានបញ្ជាក់ដែរថា ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុខាងលើនេះ គឺឥណទានដែលបានគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។
គួរបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញទៀតថា គិតត្រឹមឆមាសទី១ ពោលគឺរយៈពេល៦ខែ នៃឆ្នាំ២០២៣នេះ ការផ្តល់ឥណទានទៅតាមវិស័យសេដ្ឋកិច្ច របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំជិត៦០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះរួមមាន៖ ផ្តល់ដល់វិស័យជួញដូរដុំនិងរាយ ចំនួន៥៩,៥% ,ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ចំនួន ២៨,៦%,កសិកម្ម ចំនួន២២,៧%, សេវាកម្ម ចំនួន២២% , អចលនទ្រព្យ ចំនួន ១៩,៦% សំណង់ ចំនួន១៨,៣% អង្គភាពគ្រួសារ ចំនួន១៣,៧% កម្មន្តសាល ចំនួន ៨,៧% និងឥណទានផ្សេងៗចំនួន ៤៥,៥%៕
អត្ថបទ៖ ពិសី