ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់កម្មវិធីចំនួន២ ទាក់ទងនឹងកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត។

ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន១៤០លានដុល្លារនេះ ត្រូវបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគ្នា ដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់កម្មវិធីទាំង២ រួមមាន៖ ១៖ កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ – អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ។កម្មវិធីទី១នេះ គឺគ្រោងនឹងចំណាយថវិកាសរុប៤០លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
ចំណែកទី២៖ កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត- អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១.៣០លានដុល្លាអាម៉េរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លានដុល្លាអាម៉េរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គួរបញ្ជាក់ដែរថា គោលបំណងនៃកម្មវិធីទាំង ២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗ កន្លងទៅ៕
អត្ថបទ៖ ពិសី