ការបង់ពន្ធលើអចលនទ្រព្យ ដីធ្លីមិនបានប្រើប្រាស់ ពន្ធដារប្រកាសពន្យាពេលដល់ដំណាច់ខែតុលា

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសឱ្យពន្យារពេលបង់ពន្ធលើអចលនទព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែតុលាខាងមុខនេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញានេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ 

អគ្គនាយកដ្ឋានពន្ធដារ បន្តថា អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ហើយផុតរយៈពេលកំណត់នេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

ប្រភពដដែលបន្តថា៖«ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ»។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ 

ដោយឡែក ចំពោះម្ចាស់ អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ 

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕ អត្ថបទ៖​ ពិសី