ឧស្សាហកម្មកង់ និងគ្រឿងបង្គុំដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយវិស័យនេះមានការរីកចម្រើនយ៉ាងលឿន និងប្រកបដោយសក្តានុពលភាព ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។
យោងតាមវេបសាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា ប្រទេសកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងការនាំចេញកង់នៅក្នុងអាស៊ាន ដោយឡែកប្រទេសនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញសំខាន់ដដែល។
បើតាម CDC កម្ពុជាបានធ្វើការនាំចេញកង់គិតជាទឹកប្រាក់មានចំនួនជាង ៥៣៣លានដុល្លារអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២០។ការនាំចេញនេះ មានចំនួនកើនឡើង២៧% ធៀបទៅនឹងឆ្នាំ២០១៩។លើសពីនេះ ការនាំចេញកង់ពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងប្រមាណ ៣ដង ដែលធ្វើឱ្យកម្ពុជាមានឈ្មោះជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញកង់នៅក្នុងតំបន់អាស៊ាន។
ដោយឡែកការនាំចេញកង់ទៅកាន់សហភាពអឺរ៉ុបវិញ ក្នុងមួយឆ្នាំៗ កង់ចំនួនជាង១.៥លានគ្រឿង ត្រូវបាននាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសកម្ពុជា។ហើយជារៀងរាល់ឆ្នាំ ចំនួននៃការនាំចេញកង់បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលប្រមាណ២/៣ នៃការនាំចេញសរុបគឺនាំចេញទៅកាន់ប្រទេសនៅក្នុងសហភាពអឺរ៉ុប។
CDC បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេ ក្នុងការនាំចេញកង់នៅក្នុងពិភពលោកប៉ុណ្ណោះទេ កម្ពុជាក៏ជាប្រទេសដែលផ្គត់ផ្គង់គ្រឿងបង្គុំរបស់កង់ដ៏ឈានមុខមួយផងដែរ។ក្នុងនោះ កម្ពុជាបានផលិតកង់ និងគ្រឿងបង្គុំកង់យ៉ាងច្រើនប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុក។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម រយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់ ថយចុះ ៣០.៥២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួនជាង៤៧៧លានដុល្លារ។ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។
គួរបញ្ជក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន រោងចក្រA AND J (CAMBODIA) CO.,LTD.រោងចក្រ SPEEDTECH INDUSTRIAL CO., LTD. រោងចក្រ SMART TECH (CAMBODIA) CO.,LTD. រោងចក្រ XDS BICYCLE (CAMBODIA) CO.,LTD. រោងចក្រ EVERGRAND BICYCLE (CAMBODIA) CO., LTD៕