ផ្អែកលើស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់គោលដៅនៃការផ្តល់ឥណទានរបស់ខ្លួននៅក្នុងឆ្នាំនេះថានិងទទួលបានកំណើនប្រមាណ១០% ខណៈឆ្នាំ២០២២កំណើននៃការផ្តល់ឥណទានមានរហតដល់២០%។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា កន្លងមកទាំងនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុចាត់ទុកឥណទានអាជីវកម្មគឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញដល់កំណើននៃវិស័យធនាគារនិងហិរញ្ញវត្ថុ ហើយឥណទានប្រភេទនេះបានជួយឱ្យអតិថិជនមានការរីកចម្រើនយកទៅពង្រីកមុខរបរ ធ្វើឱ្យបង្កើនបាននូវប្រាក់ចំណូលហើយផលសងត្រឡប់មកវិញលឿន បើប្រៀបធៀបទៅនិងវិស័យផ្សេងទៀតដូចជាវិស័យអចលនទ្រព្យ ក៏ដូចជាការប្រើប្រាស់ឥណទានតាមផ្ទះជាដើម។
ស្របពេលនិងធនាគារអភិវឌ្ឍន៍អាស៊ី ADB ថ្មីៗបានទម្លាក់ការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ ពី៥,៥%មកនៅត្រឹម៥,៣% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី សង្កត់ធ្ងន់ថា «យើងនៅមានក្តីរំពឹងថាយើងនៅទទួលបានកំណើន ដោយសារតម្រូវការឥណទាននៅមានជាប្រចាំ។ អ្វីដែលយើងរំពឹងទុកនៅក្នុងឆ្នាំ២០២៣នេះ យើងបានដាក់គោលដៅកំណើនទទួលបានពីការផ្តល់ឥណទានមានប្រមាណ១០%ទេ ខណៈឆ្នាំទៅយើងដាក់គោលដៅកំណើនរហូតដល់២០%»។
បើតាមលោក កាំង តុងងី កំណើននៃការផ្តល់ឥណទាននៅមុនវិបត្តិជំងឺកូវីដ១៩ ឆ្នាំខ្លះមានរហូតដល់៣០% ប៉ុន្តែបានថមថយនៅពេលកម្ពុជាជួបវិបត្តិនិងជំងឺកូវីដ១៩។ ក្នុងឆ្នាំ២០២០ មានកំណើននៃការផ្តល់ឥណទានតិចតួច,ក្នុងឆ្នាំ២០២១មានជាង១០%,ក្នុងឆ្នាំ២០២២ កើនដល់ជាង២០% ។
យោងតាមធនាគារជាតិនៃកម្ពុជា កាលពេលថ្មីៗ បានបង្ហាញថា«គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ»៕ អត្ថបទ៖សារេត