ក្រុមហ៊ុន DENSO គ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត DENSO ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន កំពុងដំណើរការ​ផលិត​នូវ​គ្រឿងបន្លាស់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង គ្រោងនឹង​ពង្រីកនូវអាជីវកម្មបន្ថែម និងបង្កើតឱកាសការងារជាច្រើនដល់កម្មករនិយោជិត។នេះបើតាម​ជំនួបពិភាក្សា​ការងារ​រវាងលោក ម៉ាសាអូ ស៊ីអេម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានឱ្យដឹងថា ចាប់តាំងពីបើករោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ៦០០នាក់ បានកំពុងបម្រើការងារ​នៅ​រោងចក្រ DENSO​ ហើយក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាសការងារបន្ថែមទៀត ក្នុងពេលអនាគតដ៏ខ្លីខាង​មុខ​ផងដែរ ដែលអាចរំពឹងទុកថានឹងកើនដល់ ១០០០នាក់ ជាមួយផលិតផលរបស់ខ្លួនកំពុងមានដូចជា ម៉ាញ៉េតូ (Maneto), ឧបករណ៍សម្រាប់បន្ថយកម្តៅក្នុងម៉ាស៊ីនឡាន, ឧបករណ៍វាស់កម្រិតទីក​នៅក្នុងម៉ាស៊ីន​ឡាន​ម៉ាស៊ូត, ឧបករណ៍បញ្ចុះកម្តៅប្រេងក្នុងម៉ាស៊ីន, កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២)។

លើសពីនេះ លោកថា ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស​ដែលមានឈ្មោះថា DENSO in Industrial Talent Development ចាប់ពីឆ្នាំ២០១៦ ដល់២០២២ ក្រុមហ៊ុនបានបណ្តុះបណ្តាលធនធានមនុស្សប្រមាណ ២២០​នាក់ ហើយក្រុមហ៊ុននឹងមានគម្រោងធ្វើការបណ្តុះបណ្តាលប្រមាណ ៦០នាក់បន្ថែមទៀត ក្នុងឆ្នាំ២០២៣ និង​ ៧០នាក់ នៅក្នុងឆ្នាំ២០២៤។

គួរឱ្យដឹងផងដែរថា DENSO Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DENSO Corporation មាន​មូលដ្ឋាននៅជប៉ុន ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងគ្រឿងរថយន្តសកល មានក្រុមហ៊ុនបុត្រ​សម្ព័ន្ធជាង ២០០ នៅលើពិភពលោក និងមានក្រុមហ៊ុនដៃគូ ៣៥ ប្រទេស។ ក្រុមហ៊ុននេះ បានចុះបញ្ជីវិនិយោគ​មានតម្លៃ ១០ លានដុល្លារនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣ មកម្ល៉េះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ។

សូមជម្រាបជូនថា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩​គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា៖ ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត ខ្សែអគ្គិសនី បន្ទះសូឡា បរិក្ខារពេទ្យ កែច្នៃពេជ្រ បរិក្ខារសាងសង់ គ្រឿងសំអាង ចំណីអាហារនិងភេសជ្ជៈ ចំណី​សត្វ ផលិតផលស្បែក សម្លៀកបំពាក់ និងស្បែកជើងជាដើម។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣៨.៥០០កន្លែង៕