អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែកញ្ញានេះចេញមកគូសបញ្ជាក់ក្នុងសេចក្ដីបំភ្លឺរបស់ខ្លួនថា ការលើកឡើងថារាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។
តាមរយៈចេញសេចក្ដីបំភ្លឺចំនួន៥ទំព័រ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ដើម្បីឆ្លយតបនឹងការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ ដែលពុំបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារ។
តាមរយៈការសង្កេតលម្អិតក្នុងករណីនីមួយៗដែលបានលើកឡើងពាក់ព័ន្ធនឹងការងារពន្ធដារ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ការលើកឡើងមួយចំនួនក្នុងន័យមួលបង្កាច់បង្ខូចការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីពីសំណាក់ក្រុមប្រឆាំង និងមួយចំនួនទៀតមានចេតនាផ្សព្វផ្សាយក្រោមចេតនាធ្វើឲ្យមានការភាន់ច្រឡំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ទន្ទឹមនឹងនោះ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងអំពីទំនួលខុសត្រូវខ្ពស់ចំពោះជាតិ ក្នុងការអនុវត្តតួនាទីភារកិច្ចលើការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ និងបានជម្រាបសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដា តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ៕