ស្របពេលប្រជាពលរដ្ឋក្នុងស្រុកមានការយល់ដឹងបានកាន់តែច្រើនទៅលើដូងក្រអូប សម្រាប់ប្រជាកសិករដែលបានប្រកបរបរដំាដូងក្រអូបចាប់ផ្តើមបង្ហាញជំនឿចិត្តយ៉ាងមុតមំាទៅលើទីផ្សារទំាងនៅក្នុងនិងក្រៅស្រុក នៅក្រោយពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នំា២០២៣។

បើយោងតាមម្ចាស់ចំការដូងក្រអូបនៅខាង វាលរេញ ខេត្តព្រះសីហនុម្នាក់បានឱ្យដឹងថា ក្នុងនាមជាកសិករប្រកបមុខរបរដំាដូងក្រអូបនៅក្នុងស្រុកមួយរូបដែលបាននិងកំពុងតែធ្វើកិច្ចការលើរឿងនេះ នៅពេលបានដឹងថាដូងស្រស់មានទីផ្សារបន្ថែមនៅប្រទេសចិន ចាត់ទុកថាជាដំណឹងល្អសម្រាប់ប្រជាកសិករក្នុងស្រុកដែលរកស៊ីជួញដូរលើដូងក្រអូបនេះ។
លោក ប៊ុត គឹមឆាយ មានប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ គាត់មានការយល់ដឹងបានច្រើនអំពីរឿងដូងក្រអូប ខុសពីមុនគាត់ធ្លាប់តែហូបដូងធម្មតាដែលមានផ្លែដូងធំៗ តែមកដល់សម័យនាពេលសព្វថ្ងៃនេះ ក្រៅពីចូលចិត្តហូបសាច់និងទឹកដូង គាត់នៅមានទិញពូជដូងនិងដើមដូងធំៗយកទៅដំាថែមទៀត ពោលគាត់លែងចង់ហូបដូងធម្មតាដូចកាលពីមុនទៀតហើយ។

លោកគូសបញ្ជាក់ថា «ខ្ញុំគិតហើយមានការជឿជាក់យ៉ាងមុតមំាថានៅពេលផ្លែដូងស្រស់កម្ពុជាអាចនាំចេញទៅទីផ្សារចិនបាននៅថ្ងៃខាងមុខ ប្រជាកសិករដែលប្រកបរបរដំាដូងក្រអូបនៅក្នុងស្រុក ពួកគាត់នឹងបង្កើនការដំាដុះបន្ថែមទៅលើផ្ទៃដីទំនេរដែលពីមុនមិនទាន់បានដំាដុះ ព្រោះដំណាំដូងក្រអូបនេះងាយស្រួលថែទំានិងទទួលបានផលច្រើនពីមួយឆ្នំាទៅមួយឆ្នំាខុសពីដំណំាផ្សេងៗ។ដូចនេះ កសិករនឹងងាកមកដំាដុះដូងក្រូបនេះ និងបង្កើនការថែទំាដូងក្រអូបរបស់ខ្លួន ព្រោះយើងមានឱកាសនិងមានទីផ្សារនៅពេលខាងប្រទេសចិនបានបើកផ្លូវ»។
បើតាមម្ចាស់ចំការដូងក្រអូបខាងលើរូបនេះ ក្នុងរយៈពេល២០ឆ្នំាមកនេះក្រៅពីបានពង្រីកការដាំដុះដូងក្រអូបលើផ្ទៃដី៤០ហិកតារួចរាល់ លោកតែងតែទទួលបានជោគជ័យនៅក្នុងមុខរបរដំាដូងក្រអូបរបស់ខ្លួនទំាងការលក់ពូជដូងនិងផ្លែដូងស្រស់។

លោកបញ្ជាក់ថា «ក្នុង១ឆ្នំា ខ្ញុំអាចបញ្ចេញផ្លែដូងក្រអូបបានជាង១០ម៉ឺន ហើយអាចលក់បានថ្លៃជាមធ្យម២៥០០រៀលក្នុង១ផ្លែ។មុខរបរដំាដុះដូងក្រអូបអស់រយៈពេល២០ឆ្នំាមកនេះ វាបានចូលរួមជួយលើកកម្ពស់ជីវភាពគ្រួសារបានមួយផ្នែកធំ។ក្រៅពីនេះ យើងបានចូលរួមផ្តល់ការងារនិងប្រាក់ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនដែលអត់មានការងារធ្វើ»។
បើតាមម្ចាស់ចំការដូង នៅខាងខេត្តព្រះសីហនុរូបនេះ បានបង្ហាញទស្សនៈនិងចាត់ទុកថាដូងក្រអូបនៅលើទីផ្សារនៅពេលខាងមុខ ថានឹងលែងមានបញ្ហាចោទទៀតហើយសម្រាប់ប្រជាកសិករ នៅពេលដែលផ្លែដូងក្រអូបអាចនាំចេញទៅទីផ្សារចិនបាន។
ទាក់ទងនិងដំណាំដូងក្រអូបនេះ បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកន្លងមកនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ មុននឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីភាគីចិនពិនិត្យ និងវាយតម្លៃបញ្ចប់ មុននឹងឈានដល់ការនាំចេញជាផ្លូវការ។
ក្រសួងគូបញ្ជាក់ថា «គិតត្រឹមឆ្នាំ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន»៕
អត្ថបទ៖សារេត
