គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហាកន្លងមកនេះ កម្ពុជា បាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើងទៅកាន់ទីផ្សារអន្តរជាតិ នឹងរកចំណូលបានជិត ២៨០លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ ដែលផ្សាយចេញកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ក្នុងរបាយការណ៍ថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ចំណែកការនាំចេញឈើកៅស៊ូ ទទួលបានថវិកាចំនួន១ ១៧៦ ៦១២ដុល្លារ ពីការនាំចេញឈើកៅស៊ូសម្រេចបានចំនួន៧ ៤៥២ម៉ែត្រគូប។
អគ្គនាយកដ្ឋានកៅស៊ូ បន្តថា៖«តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែសីហា ឆ្នាំ២០២៣ មានតម្លៃ ១ ២៧៧ដុល្លារក្នុងមួយតោន បានថយចុះចំនួន ២៧ដុល្លារ ក្នុងមួយតោន ស្មើនឹង២.០៣% ធៀបនឹងខែមុន និងបានថយចុះចំនួន១៥៣ដុល្លារក្នុងមួយតោន ស្មើនឹង១១%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ដោយឡែកតម្លៃលក់ឈើកៅស៊ូ គិតជាមធ្យមក្នុងខែសីហាឆ្នាំ២០២៣ មានតម្លៃ១៦៧ដុល្លារក្នុងមួយម៉ែត្រគូប»។
សូមរម្លឹកដែរថា កម្ពុជា កាលពីឆ្នាំ២០២២កន្លងទៅនេះ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕