របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមដើមឆ្នាំ២០២៣ ចំនួនពលករកម្ពុជាកំពុងធ្វើការនៅក្រៅប្រទេសមានចំនួនសរុប១,៣២លាននាក់ ក្នុងនោះប្រទេសថៃ មានចំនួនច្រើនជាងគឺ១,២លាននាក់ កូរ៉េខាងត្បូងមានចំនួនជិត៥ម៉ឺននាក់ ជប៉ុនមានចំនួន១ម៉ឺន៦ពាន់នាក់ ម៉ាឡេស៊ីមាន២ម៉ឺន២ពាន់នាក់ សិង្ហបុរីមានចំនួន ៨៥១នាក់ ទីក្រុងហុងកុងមានចំនួន២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីតមានចំនួន១១នាក់។
ក្នុងចំណោមពលករធ្វើការនៅក្រៅប្រទេសទាំងអស់នេះ ក្នុងមួយឆ្នាំបានផ្ញើប្រាក់ត្រលប់មកឱ្យបងប្អូនសាច់ញាតិក្នុងប្រទេសវិញមានចំនួន២,៧ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រាក់ដែលផ្ញើពីប្រទេសថៃក៏មានចំនួនច្រើនជាងគេដែរក្នុងមួយឆ្នាំៗ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។ ការលើកឡើងយ៉ាងដូច្នេះរបស់នាយករដ្ឋមន្រ្តីថៃថ្មីរូបនេះ ធ្វើឡើងក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជា។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក សេដ្ឋា ថាវីស៊ីន បានប្រាប់ពីលទ្ធផលនៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។
សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវនិងវៀតណាមផងដែរ។
សម្តេចតេជោមានប្រសាសន៍ថា៖ ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹក ជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺ។ល៕