រាជរដ្ឋាភិបាល បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៩ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអនុក្រឹត្យ រាជរដ្ឋាភិបាល ត្រូវបានបញ្ចុះអាត្រាអាករនាំចេញលើមុខទំនិញ ថ្មធម្មជាតិមិនទាន់កែច្នៃចំនួន ៨បន្ទាត់ពន្ធពី ៣០% មក ១០% និងពី ៣០% មក៥% លើមុខទំនិញ ថ្មធម្មជាតិមិនទាន់កែច្នៃ ទម្រង់ផ្ទាំង ចំនួន ២បន្ទាត់ពន្ធ និងពី ២០%មក ០% លើមុខទំនិញថ្មធម្មជាតិ ចំនួន ១២បន្ទាត់ពន្ធនៃតារាងពន្ធគយកម្ពុជាជាធរមាន។

នៅក្នុងបណ្តាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃសុក្រ ទី២៩នេះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ក្នុងពេលដែលសម្តេចនិងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ សម្តេចបានជួបជាមួយស្រ្តីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្តេចបានទទួល សម្តេចបានប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។

បើតាមសម្តេចធិបតីជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៏សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្តេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ៕