សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី បានចុះហត្ថលេខាទទួលបានទឹកប្រាក់ប្រមាណ៥៤,៥៨៧លានដុល្លារ ស្មើនឹង៤០%នៃទុនវិនិយោគសរុបសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំ(២០២៣-២០២៥) ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។
របាយការណ៍របស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងគោលបំណងពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ ហើយក៏ជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍កំពុងជួបប្រទះមានដូចជា ការខ្វះខាតបច្ចេកទេស និងនវានុវត្តន៍ទំនើបជួយដល់ការបង្កើនផលិតកម្មម្រេចសរីរាង្គ,មិនទាន់មានទុនគ្រប់គ្រាន់សម្រាប់ពង្រីកអាជីវកម្មឆ្លើយតបទៅនឹងតម្រូវការទីផ្សារ,ខ្វះសម្ភារៈផ្លូវដឹកជញ្ជូនកសិផលម្រេចចេញពីទីតាំងចំការទៅផ្លូវជាតិ។
តាមរយៈកិច្ចព្រមព្រៀងនេះដែរ សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី ក៏មានផែនការធុរកិច្ចជាក់លាក់ចំនួន៣ ទី១)លើកកម្ពស់ការចូលរួមរបស់សមាជិកសហគមន៍ជាផលិតករឱ្យទទួលបាននូវការគាំទ្រទាំងទុនវិនិយោគ និងមានស្ថេរភាពផ្នែកទីផ្សារ,ទី២)ពង្រីកបរិមាណលក់ម្រេចសរីរាង្គឱ្យបានពី១០០តោននៅឆ្នាំ២០២៣ និងកើនដល់១១០តោន នៅឆ្នាំ២០២៤ និងនៅឆ្នាំ២០២៥ ចំនួន១២០តោន និងបង្កើតឱកាសការងារ១៦នាក់កម្រិតសហគមន៍និង២២នាក់កម្រិតកសិដ្ឋាន ចូលរួមកាត់បន្ថយភាពក្រីក្រលើកកម្ពស់អាហារូបត្ថម្ភ និងលប់បំបាត់វិសមភាពភាពយេនឌ័រក្នុងសហគមន៍ផងដែរ។
សូមបញ្ចាក់ថា មកទល់បច្ចុប្បន្ននេះ មានសហគមន៍កសិកម្មកម្ពុជា១៩ ហើយដែលបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ។
តាមរបាយការណ៍សហគមន៍ម្រេចសរីរាង្គបានឱ្យដឹងថា សហគមន៍មានសមាជិកជាង២០គ្រួសារ មានផ្ទៃដីដាំដុះម្រេចសរីរាង្គជាង៥៥ហិកតា៕